លោក ត្រាំ ព្រមព្រៀងដំណើរការផ្ទេរអំណាចឲ្យទៅលោក បៃឌិន ហើយ

អាមេរិក ៖ បន្ទាប់ពីបានរឹងទទឹងអស់ជាច្រើនសប្តាហ៍មក លោកប្រធានាធិបតីដូណាល់ ត្រាំ បានអនុញ្ញាតឱ្យមន្រ្តីរបស់លោក បន្តដំណើរការផ្ទេរអំណាច ទៅកាន់ប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃឌិន ដោយផ្តល់ឱ្យគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោក ទទួលបានការកាន់អំណាច និងថវិកា ទោះបីជាលោកបានប្តេជ្ញាតស៊ូជាមួយការខិតខំ ដើម្បីប្រឆាំងនឹង លទ្ធផលនៃការបោះឆ្នោតក៏ដោយ។

លោក ត្រាំ ដែលជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ដោយមិនបានផ្តល់ភស្តុតាងណាមួយឡើយ។ ទោះបីជាលោកមិនបានទទួលស្គាល់ជ័យជម្នះរបស់លោកបៃឌិនក៏ដោយ ក៏ការប្រកាសបើកភ្លើងខៀវនេះ គឺកៀកទៅនឹងទទួលស្គាល់ការបរាជ័យរបស់លោក ហើយ។ រដ្ឋបាលសេវាកម្មទូទៅជាទីភ្នាក់ងារសហព័ន្ធ ដែលត្រូវចុះហត្ថលេខាលើការផ្ទេរអំណាចនេះ បានប្រាប់លោកបៃឌិនថា លោកអាចចាប់ផ្តើមដំណើរការផ្ទេរអំណាចជាផ្លូវការ បាន។ ប្រធានរដ្ឋបាល លោក អឹមមីលី ម៉ូភី បាននិយាយនៅក្នុងលិខិតមួយថា ឥឡូវនេះលោក បៃឌិន នឹងមានសិទ្ធិទទួលបានធនធានដែលត្រូវបានបដិសេធ ដោយសារតែបញ្ហាប្រឈមផ្នែកច្បាប់ ។

ការប្រកាសពីការផ្ទេរអំណាចនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមន្រ្តីរដ្ឋមីឈីហ្គែនបញ្ជាក់ថា លោកបៃឌិន ជាអ្នកឈ្នះឆ្នោតនៅក្នុងរដ្ឋរបស់ពួកគេ ដែលធ្វើឱ្យកិច្ចប្រឹងប្រែងស្របច្បាប់របស់លោកត្រាំ ក្នុងការផ្លាស់ប្តូរលទ្ធផលបោះឆ្នោតហាក់ ដូចជាមិនជោគជ័យ។

សេចក្តីថ្លែងការណ៍របស់លោកបៃឌិន បាននិយាយថា ការប្រជុំនានានឹងចាប់ផ្តើមជាមួយមន្រ្តីសហព័ន្ធ ស្តីពីការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការឆ្លងរាលត្បាតជំងឺ រួមជាមួយនឹងការពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ៕