ភ្នំពេញ ៖ ថ្ងៃនេះ នៅកម្ពុជា បានរកឃើញករណីឆ្លងកូវីដ១៩ថ្មី ចំនួន ១០នាក់ថែមទៀត ក្នុងនោះ០៦នាក់ជាបុគ្គលិកហាង Pedro ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ខណៈ៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ហើយក្នុងថ្ងៃនេះដែរ ក៏មានអ្នកជំងឺម្នាក់ត្រូវបានព្យាបាលជាសះស្បើយ។
តាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងជាផ្លូវការ បង្ហាញពីអត្តសញ្ញាញបុគ្គលិកហាង Pedro ទាំង៦នាក់ ដែលបានរកឃើញឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។
បុគ្គលិកហាង Pedro ដែលឆ្លងកូវីដ១៩នោះរួមមាន ៖
១៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Muy Sopheavy អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Yeak Chantha អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវលេខ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
៣៖ បុរសជនជាតិខ្មែរ ឈ្មោះ Cheak Chanrath អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ត្រឡោកបែក ៣ ខណ្ឌទួលគោក ។
៤៖ ស្ត្រីជនជាតិខ្មែរឈ្មោះ Pho Dolla អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
៥៖ បុរសជនជាតិខ្មែរ ឈ្មោះ Khan Veha អាយុ២៣ឆ្នាំ ស្នាក់នៅជិតស្តុប Nokia ខណ្ឌសែនសុខ ។
៦៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Kouch Davin អាយុ២៣ឆ្នាំ ស្នាក់ផ្ទះលេខ E53 ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល។
បច្ចុប្បន្នអ្នកទាំង៦នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៥នាក់ និងម្នាក់ទៀតដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។
សម្រាប់អ្នកធ្វើដំណើរមកពីក្រៅប្រទេសទាំង៤នាក់ ដែលរកឃើញវិជ្ជមានកូវីដ១៩ រួមមាន ៖
១៖ បុរសជនជាតិខ្មែរឈ្មោះ ម៉ីវ សុគន្ធ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
២៖ បុរសជនជាតិអាមេរិកឈ្មោះ KAW THIKUN អាយុ៥៩ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០។
៣៖ បុរសជនជាតិអាមេរិកឈ្មោះ SHAWN THACH អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០
៤៖ បុរសជនជាតិអាមេរិកឈ្មោះ OUM CHANDARA អាយុ ៤៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ៤៩នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលបីនាក់ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន៤៦នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៤៥នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣០៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤១នាក់៕

































