ស្ត្រីអ្នកលក់ដូរតាមអនឡាញម្នាក់ត្រូវបានឃាត់ខ្លួន ដោយសារបង្ហោះព័ត៌មានក្លែងក្លាយថាមានអ្នកស្លាប់ដោយជំងឺកូវិដ-១៩

ភ្នំពេញ ៖ តាមការបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ35ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ12 ផ្លូវsk05 បុរីពិភពថ្មីកួរស្រូវ 3 ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាអ្នកលក់ online ដែលមាន page ឈ្មោះ MC Cosmetic។

កាលពីថ្ងៃទី2 ខែធ្នូ ឆ្នាំ2020 ម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា” ផ្សារជពូវ័ន្តបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់5នាក់ទៀតក៏បានឆ្លងដែរ” បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។ ដោយឃើញដូច្នេះអគ្គស្នងការនគរបាលស្តីទី បានចេញបញ្ជាឲ្យនាយកដ្ឋានជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីឲ្យបញ្ឈប់ការចែកចាយព័ត៌មានដែលអាចបង្កឱ្យមានការចលាចលនៅក្នុងសង្គម។

នៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2020 វេលាម៉ោង 2 រសៀល នាយកដ្ឋានប្រឆាំងបទល្មើសបច្ជេកវិទ្យាបានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួន ម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។

លោក យ៉ូង សុវណ្ណ នាយផ្នែកប្រឆាំងបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ប្រាប់ថា ស្ត្រីឈ្មោះ ឈិន មន្ថា ដែលជាម្ចាស់គណនី បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភ័ក្កិតាម messenger ដោយខ្វះការពិចារណាខ្លួនក៏បានបង្ហោះព័ត៌មាននេះទៅក្នុងគណនី បន្ទាប់មកខ្លួនក៏លុបចេញទៅវិញដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើនដែលធ្វើឲ្យមានការភាន់ច្រឡំពីមហាជន បន្ទាប់មកនារីឈ្មោះ ឈិន មន្ថា ក៏បានធ្វើការសុំអភ័យទោស និងសន្យាថាឈប់ចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំលឹក ដល់អ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ សូមធ្វើការពិចារណា និងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់មុនពេលដែលបង្ហោះទៅក្នុងបណ្ដាញសង្គម ជៀសវាងបង្ហោះព័ត៌មានណាដែលមិនមានការពិត និងគ្មានប្រភពច្បាស់លាស់ដែលអាចប្រឈមមុខនឹងច្បាប់ និងបង្ករភាពចលាចលដល់សង្គមជាតិទាំងមូល៕