
ក្រសួងសុខាភិបាល ថ្លែងថា បុគ្គល២នាក់ គឺ ស្ត្រីឈ្មោះ ឆែម សុនិតា ដែលគេដឹងថា ជាកូនស្រីលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និង បុរសឈ្មោះ តាំង សេវិនអាប់ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និង ជាករណីជាសះស្បើយ ក្រោយការបង្ករោគហើយ និង ដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជាក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល ស្តីពីការបន្តស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។
ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បុគ្គលទាំងអស់ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួន ថាជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ២នាក់ខាងលើនេះ ពោលគឺគឺស្ត្រីឈ្មោះ ឆែម សូនីតា និង បុរសឈ្មោះ តាំង សេវិនអាប់ ដោយគិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និង ពិនិត្យឈាម នៅតាមមន្ទីរពេទ្យជាបន្ទាន ។
គួរំលឹកថា រយៈពេលត្រឹម៥ថ្ងៃ ប៉ុណ្ណោះ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់បានចំនួន១០.១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន២៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕































