ប្រទេសឡាវប្រារព្ធខួបលើកទី៤៥នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ឡាវ ៖ មនុស្សជាង ១.០០០ នាក់បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលសន្និបាតជាតិ ដើម្បីអបអរខួបលើកទី ៤៥ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ និយាយក្នុងពិធីនោះលោក Bounnhang Vorachit អគ្គលេខាធិការគណៈកម្មាធិការកណ្តាលនៃគណបក្សបដិវត្តប្រជាជនឡាវនិងជាប្រធានាធិបតីប្រទេសឡាវ បានគូសបញ្ជាក់ពីសារៈសំខាន់នៃទិវាជាតិនិងរំលឹកឡើងវិញនូវការអភិវឌ្ឍរបស់ប្រទេសក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។

សារព័ត៌មានក្នុងស្រុក Vientiane Times នៅថ្ងៃព្រហស្បតិ៍នេះបានដកស្រង់សម្តីលោក Bounnhang ដែលបាននិយាយថាថ្ងៃទី ២ ខែធ្នូឆ្នាំ ១៩៧៥ គឺជាថ្ងៃមួយដែលប្រជាជនឡាវគ្រប់ជាតិសាសន៍ក្លាយជាម្ចាស់ពិតនៃប្រទេសនិងវាសនារបស់ខ្លួនហើយប្រទេសឡាវទទួលបានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយគេគ្រប់គ្នាមានមោទនភាព មានសេរីភាពពេញលេញ និងសិទ្ធិក្នុងការអភិវឌ្ឍប្រទេស របស់ពួកគេក៏ដូចជាភាពរីករាយនឹងជីវិតរស់នៅរបស់ពួកគេ។ លោកបាននិយាយថាទិវាជាតិគឺជាពេលវេលាសម្រាប់ប្រជាជនឡាវគោរព ដល់មេដឹកនាំបដិវត្តនិងពិនិត្យមើលសមិទ្ធិផលរបស់ប្រទេសនិងគិតនូវអ្វីដែលត្រូវធ្វើនាពេលអនាគត។ លោកប្រធានាធិបតី Bounnhang បាននិយាយថាការបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាជ័យជំនះដែលសំរេចបាន តាមរយៈសាមគ្គីភាពដែលមិនអាចធ្វើឲ្យរង្គោះង្គើរបានរបស់ប្រជាជននិងកងទ័ពឡាវដែលបានប្រយុទ្ធយ៉ាងក្លាហានប្រឆាំងនឹងពួកចក្រពត្តិនិយម។ កាសែត Vientiane Times បានរាយការណ៍ថាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ជាមធ្យមបានកើនឡើងដល់ ២.៧៤២ ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ខណៈផ្លូវថ្នល់ អាកាសយានដ្ឋាន ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានសាងសង់ដើម្បីភ្ជាប់ប្រទេសឡាវ និងតំបន់ផ្សេងទៀត៕