ប៉ោយប៉ែត ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានប្រកាសផ្អាកការអនុញ្ញាតឲ្យអាជីវករខ្មែរ ដឹកទំនិញចេញចូលក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ តទៅជាបណ្តោះអាសន្ន ខណ:រដ្ឋាភិបាលថៃ កំពុងដាក់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩។
បន្ថែមលើសេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែមករា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រដ្ឋាភិបាលថៃ ក៏នឹងផ្អាកការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ចូលដឹកទំនិញក្នុងផ្សាររោងក្លឿដែរ ចាប់ពីថ្ងៃទី១០ ខែមករា តទៅជាបណ្តោះអាសន្នដែរ។
ក្នុងសេចក្តីជូនដំណឹង ក៏បានអំពាវនាវផងដែរឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ និងក្នុងផ្សាររោងក្លឿ ឲ្យចូលរួមអនុវត្តវិធានការរបស់រដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
ប្រមុខរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យពលករកម្ពុជា ដែលកំពុងរស់ នៅក្នុងប្រទេសថៃ ជឿជាក់លើសមត្ថភាពរដ្ឋាភិបាលថៃ លើការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយកុំទាន់អាលចាកចេញពីថៃ វិលមកស្រុកវិញក្នុងដំណាក់កាលនេះ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ ដល់ខ្លួនឯង និងដើម្បីជៀសវាងការនាំជំងឺនេះចូលមកកម្ពុជា។
ប្រទេសថៃ ដែលបានស្រាកស្រាន្តពីជំងឺកូវីដ-១៩ហើយនោះ បានចាប់ផ្តើមផ្ទុះជំងឺនេះឡើងវិញ ក្នុងពេលថ្មីៗនេះ ដោយការផ្ទុះនេះ គឺផ្តើមចេញពីខេត្ត សាមុត សាខន។
គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៩,៦ពាន់នាក់ហើយ ដោយក្នុងនោះ ស្លាប់ ៦៨នាក់ និងបានជាសះស្បើយវិញជាង ៤,៥ពាន់នាក់។
របាយការណ៍របស់ក្រសួងសុខាភិបាលថៃ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៧ មករា ឆ្នាំ២០២១នេះដដែល អាជ្ញាធរ បានរកឃើញពលករខ្មែរ ១០៨នាក់ ដែលកំពុងរស់នៅប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩។
ចំណែកពលករខ្មែរមកពីថៃ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា រកឃើញ ២០នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩។ ចំនួនសរុបនៃឆ្លងជំងឺនេះនៅកម្ពុជា ឡើងដល់៣៨៥នាក់ ដោយគិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ តែបានជាសះស្បើយវវិញចំនួន ៣៦២នាក់៕
































