ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការជ្រើសរើសក្រុមកីឡាករចូលរួមប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ ប្រចាំឆ្នាំ២០២១ ដោយមានការចូលរួមពីលោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងក្រុមកីឡាករ ៤ក្រុម ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ថាមន្ទីរទទួលលិខិតពីសហព័ន្ធកីឡា ឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តជ្រើសរើសកីឡាករចូលរួមការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលើកទី១៥ ប្រចាំឆ្នាំ២០២១ និងសុំការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ដើម្បីជ្រើសរើសកីឡាករមកពីក្លឹបបាល់ទាត់ទាំង៤ មានដូចជា ក្លឹបស្នងការនគរបាលខេត្ត ក្លឹបកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លឹបខ្យល់ព្យុះ និងក្លឹបក្តាមថ្ម ដោយជ្រើសរើសយកកីឡាករចំនួន ២៥នាក់ ចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោនៅពេលខាងមុខ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឯកភាពដោយធ្វើការណែនាំឱ្យបង្កើតគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់វិលជុំរវាងក្រុមទាំង៤ ដើម្បីជ្រើសរើសយកកីឡាករដែលមានសមត្ថភាព បច្ចេកទេសខ្ពស់យកមកធ្វើការហ្វឹកហាត់បន្តត្រៀមចូលរួមការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ ។ ព្រមទាំងជម្រុញឱ្យមន្ទីរអប់រំផ្សព្វផ្សាយឱ្យយុវជនចូលរួមលេងកីឡា ដើម្បីយើងមានកីឡាករចូលរួមប្រកួតលើគ្រប់វិញ្ញាសារ ឈានចូលរួមប្រកួតជើងឯកថ្នាក់ជាតិ និងចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ៕ដោយ ៖ មនោរាហ៍




































