ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន។
អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។
គួររំឭកថា អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។ អគារនេះ រួមមាន ៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង, សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែល បានចំណាយថវិកាសរុបជាង ២៦លានដុល្លារអាមេរិក៕

































