សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែមករា នេះ បានបរិច្ចាគប្រាក់បៀវត្សរ៍ ផ្ទាល់ខ្លួន ចំនួន ៧ខែបន្តទៀតក្នុងឆ្នាំ២០២១ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង និងបង្ការជំងឺកូវីដ-១៩ ដែលកំពុងបន្តកើតមាននៅទូទាំងពិភពលោករាប់ទាំងកម្ពុជា ផងដែរ។
នៅលើផេកផ្លូវការនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា ៖ « ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងឆ្នាំកន្លងមក ខ្ញុំបានកាត់ប្រាក់បៀវត្សរ៍ទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សរ៍ជូនរដ្ឋ រយៈពេល៧ខែជូនទៅក្រសួងសុខាភិបាល។ សម្ដេចតេជោបានឱ្យដឹងថា បៀវត្សរ៍របស់ខ្ញុំ១០លានរៀលក្នុងមួយខែ ត្រូវបង់ពន្ធ៩១០ ០០០រៀលក្នុងមួយខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩០ ៩០០ ០០០រៀលក្នុងមួយខែ សរុប៧ខែចំនួន៦៣ ៦៣៩ ០០០រៀល។ សម្ដេចតេជោបានគូបញ្ជាក់ថា អាស្រ័យដោយកូវីដ-១៩ បាននិងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សរ៍ទាំង អស់ក្រោយការបង់ពន្ធរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សរ៍ទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្ត ជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង»៕































