ខេត្តព្រះសីហនុន៖ នៅព្រឹកថ្ងៃអា ទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ឹន ត្រឹង ហៅ (ឧកញ៉ា ហេង សុវណ្ណា) សមាជិកក្រុមការងារថ្នាក់កណ្តាល គណបក្ស ចុះជួយមូលដ្ឋានស្រុកព្រៃនប់ និងលោកជំទាវ ហ៊ួត ស៊ីថា លោកវរៈសេនីឯក ថោង បាន និងលោក ម៉ាក់ គុន្ធារ៉ាន់ ក្រុមការងារចុះជួយ ឃុំរាម ព្រៃនប់ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារអញ្ជើញទៅចុះ សំណេះ សំណាលសួរសុខទុក្ខជាមួយ បងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ក្មេងកំព្រា ស្ត្រី មេម៉ាយ សរុប ចំនួនជាង ២០០នាក់។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក ហ៊ឹន ត្រឹង ហៅ (ឧកញ៉ា ហេង សុវណ្ណា) សមាជិកក្រុមការងារថ្នាក់កណ្តាល គណបក្ស ចុះជួយមូលដ្ឋានស្រុកព្រៃនប់ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានគណៈកម្មការកណ្តាលថ្នាក់ជាតិ ចុះជួយ ខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ទាំង ៣រូប បានផ្តាំផ្ញើ សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលកំពុងរស់ នៅ ក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាពិសេស លោកឧកញ៉ា បានពាំនាំនូវសេចក្តីនឹករលឹក និងផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង ម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហម កម្ពុជា។
លោក ហ៊ឹន ត្រឹង ហៅ (ឧកញ៉ា ហេង សុវណ្ណា) បានមានប្រសាសន៍បន្តថា៖ លោកត្រូវបានថ្នាក់ដឹកនាំ គណបក្សប្រជាជន កម្ពុជា មានទំនុកចិត្ត និងតែតាំង លោកឧកញ៉ា ជាសមាជិកក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយមូលដ្ឋាននៅក្នុងស្រុកព្រៃនប់ បើមានឃុំទាំងអស់ ១៥ ឃុំ
ជាពិសេស ជាពិសេសនៅក្នុងឃុំរាមយើងនេះតែម្ដង ។
លោក ឧកញ៉ា បានលើកឡើង បន្ថែមថា៖ គោលនយោបាយ នៃ គណបក្សប្រជាជនកម្ពុជា គូបផ្សំនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរយ៉ាងច្បាស់លាស់នោះ នៅរាល់ការអភិវឌ្ឍន៍ជំហានធំៗនៅកម្ពុជា បានកើតឡើងជាហូហែរ ដោយបានជម្រុញការអភិឌ្ឍន៍មិនបង្ករឲ្យមានផល ប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស បរិស្ថាន គឺអនុវត្តន៍តាមគោលការណ៍ប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីស្របយក សក្តានុពលសំខាន់ៗ ដែលកម្ពុជាមាន ។ មិនតែប៉ុណ្ណោះនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលបាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថេរភាពពេញលេញ បង្កលក្ខណៈឲ្យកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ហើយមានការអភិវឌ្ឍលើគ្រប់វិស័យ ។
លោក ហ៊ឹន ត្រឹង ហៅ (ឧកញ៉ា ហេង សុវណ្ណា) បានគូសបញ្ជាក់បន្ថែមថា៖ កម្ពុជាបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្រប់ប្រទេស ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។
ប្រជាជនយើងមានមោទភាពក្រៃលែងចំពោះជោគ ជ័យ នៃដំណើរការប្រជាធិបតេយ្យភាវូបនីយកម្មរបស់ខ្លួន តាមដំណាក់កាលនីមួយៗ ជាពិសេសតាម រយៈការប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត ទាំងការបោះ ឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់ក្រោមជាតិ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពចាស់ទុំ ប្រជាជនកម្ពុជា គឺជាម្ចាស់នៃអំណាចពិតប្រាកដ។
ដូចគ្នានេះដែរ លោក វរៈនាវីឯក ថោង បាន ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការ រង កងទ័ពជើងទឹក និង ជាមេបញ្ជាការមូលដ្ឋានសមុទ្រ សមាជិកក្រុមការងារចជួយ ឃុំរាម បានមានប្រសាសន៍ ក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួន អ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារ អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។
លោក វរ:នាវីឯក ថោង បាន សូមបញ្ជាក់ផងដែរថា អំណោយដែលក្រុមការងារ យកមកចែកជូនបងប្អូនយើងនៅពេលនេះ មានចំនួនជិត២០០ នាក់ ក្នុងម្នាក់ៗ ទទួល បាន សារ៉ុង ១ និង ថវិកា ១០០០០(មួយម៉ឺន រៀល) ចំណែកកុមារតូចៗមានចំនួនជិត១០០ នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥០០០រៀល ក្នុងនោះមានគ្រួសារក្រីក្រ ម្នាក់គាត់បានរងគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យ លោកឧកញ៉ាហ៊ឹន ត្រឹង និង លោក ជំទាវ ហ៊ុន ស៊ីថា បានជួយ ឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ដល់ជនរងគ្រោះ ។ មិនតែប៉ុណ្ណោះ លោក ហ៊ឹន ត្រឹង ហៅ
(ឧកញ៉ា ហេង សុវណ្ណា) បានចុះទៅសួរសុខទុក្ខ អ្នកមីងម្នាក់ដែលគាត់មានជំងឺរ៉ាំរ៉ៃ សម្រាន្តនៅលើកន្ទេល លោកឧកញ៉ាឧបត្ថម្ភ ប្រាក់ចំនួន ២០ម៉ឺនរៀល និង សារុង ២ ។
បន្ទាប់មកលោកឧកញ៉ានិងលោកជំទាវព្រមទាំងក្រុមការងារ ចុះពិនិត្យមើលផ្លូវ ដែលតំណាងប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មធំនេះ សំណូមពរដល់ក្រុមការងារឱ្យជួយកាយប្រឡាយនិងដាក់ប្រព័ន្ធលូ ដែលមានប្រវែងជិត ៤០០ ម៉ែត្រ និងចុះទៅពិនិត្យមើលអណ្តូង ជីកមួយកន្លែង បើមានជម្រៅជាង១០ម៉ែត្រ លោកឧកញ៉ា និងលោកជំទាវ បាន ឧបត្ថមលូអណ្ដូង ចំនួន ៥ កង់ ដែលមានទឹកប្រាក់ស្មើនឹង ២០ ម៉ឺនរៀលបន្ថែមទៀត ជាចុងបញ្ចប់ លោក ហ៊ឹន ត្រឹង ហៅ (ឧកញ៉ា ហេង សុវណ្ណា) បានចុះទៅពិនិត្យមើលទីតាំងលើបស្លាកគណបក្ស ប្រជាជន ចំនួនពីរកន្លែងផងដែរ៕ ដោយ ៖ មនោរាហ៍












































