ភ្នំពេញ៖ បុរសជាជាងដែកម្នាក់បានស្លាប់បាត់បងបង់ជីវិតភ្លាមៗនៅនឹងកន្លែងខណៈដែលគាត់ឡើងទៅផ្សាដំបូលឃ្លាំងកំពុងសាងសង់មួយកន្លែងហើយបានលើកដែកទៅប៉ះជាមួយខ្សែកាប្លិ៍ភ្លើងបណ្ដាលឲ្យឆក់ធ្លាក់ពីលើដំបូលឃ្លាំងនចំដែកនៅខាងក្រោមបែកក្បាលនិងបាក់ក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅក្នុងការដ្ឋានសាងសង់ឃ្លាំងមួយស្ថិតនៅភូមិដីថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។បុរសរងគ្រោះខាងលើនោះឈ្មោះ ហ៊ាម សុីដាន អាយុ៤១ឆ្នាំមុខរបរជាងដែក មានស្រុកកំណើតនៅខេត្តតាកែវ ស្នាក់នៅភូមិកណ្ដាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះរួមជាមួយបងប្រុសបង្កើតរបស់ខ្លួនម្នាក់ឈ្មោះហ៊ាម សុីថា ព្រមទាំងបុរសជាជាងដែកម្នាក់ទៀតសរុបមានគ្នាចំនួន៣នាក់បាននាំគ្នាសាងសង់ដំបូលឃ្លាំង ។ខណៈនោះជនរងគ្រោះឈរនៅខាងលើគ្រោងដំបូលនៅជ្រុងម្ខាង ចំណែកជាងដែកម្នាក់ទៀតឈរនៅជ្រុងម្ខាង ហើយបងប្រុសបង្កើតរបស់ជនរងគ្រោះនៅខាងក្រោមចាំហុចដែកឲ្យ។
ប្រភពដដែលបានបន្តទៀតថា លុះដល់ពេលកើតហេតុខណៈដែលបុរសជាបងប្រុសហុចដែកឲ្យបុរសរងគ្រោះបានលើកដែកនោះឡើងទៅលើដើម្បីផ្សា ស្រាប់តែប៉ះជាមួយខ្សែកាប្លិ៍ភ្លើងបណ្ដាលឲ្យឆក់បែកផ្កាភ្លើងធ្លាក់ពីលើដំបូលឃ្លាំងកម្ពស់ប្រហែលជាង៥ម៉ែត្រចំដែកនៅខាងក្រោមបែកក្បាលនិងបាក់កស្លាប់ភ្លាមៗតែម្ដងចំណែកម្ចាស់ឃ្លាំងខាងលើឃើញដូច្នេះបាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងការិយាល័យកោសល្យវិច័យបានចុះទៅកាន់ទីនោះហើយធ្វើការពិនិត្យជុំវិញបរិវេណកន្លែងកើតហេតុនិងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕



































