ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមីនា នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជាសំឡេង ណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យមចេញវិធានការផ្អាកជាបណ្តោះអាសន្ននូវពិធីជួបជុំ ការរៀបមង្គលការ និងពិធីបុណ្យផ្សេងៗទៀត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ការអំពាវនាវអនុវត្តនូវវិធានការបន្ទាន់នេះ ខណៈដែលថ្មីៗនេះ មានអ្នកកើតជំងឺកូវីដ១៩ យ៉ាងហោចណាស់ ២នាក់ នៅភ្នំពេញ បានទៅចូលរួមពិធីមង្គលការ នៅខេត្តតាកែវ និងនៅខេត្តកំពត។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កន្លងមក សម្តេចបានផ្តល់សិទ្ធិអំណាចដល់ខេត្តរាជធានីរួចហើយ ក្នុងការចាត់វិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយកន្លងមក ក៏មានខេត្តរាជធានីមួយចំនួន បានចេញវិធានការរួចហើយដែរ។ នៅពេលនេះ ការរៀបអាពាហ៍ពិពាហ៍ បានបង្កឲ្យមានហានិភ័យក្នុងការឆ្លងកូវីដ១៩ ដូចជា នៅខេត្តតាកែវ ដែលបង្កឲ្យមានការចាប់អារម្មណ៍ស្ទើរពាក់កណ្តាលប្រទេស។ ដូច្នេះសូមខេត្តពិចារណា សម្រេចពិនិត្យឲ្យបានហ្មត់ចត់។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋយើង ផ្អាកពិធីជួបជុំ ពិសេសពិធីមង្គលការ ហើយបើធ្វើ ក៏សូមត្រឹមតែពិធីសែនព្រេនសិន ក្នុងពិធីតូចតាច ហើយចាំរៀបការនៅពេលក្រោយ ក៏មិនយឺតពេលទេ ហើយក៏មិនខុសនឹងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងដែរ៕
































