រដ្ឋបាលខេត្តព្រះសីហនុ ចេញបញ្ជាឲ្យរដ្ឋបាលស្រុកស្ទឹងហាវ បង្ក្រាបជនទុច្ចរិតចាក់រំលោភយកឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២១ លោក អ៊ុង ឆាលី អភិបាលរង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តំណាងឲ្យលោកឆាយ សុគ្ធដា អភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានដឹកនាំអាជ្ញាធរមូលដ្ឋាន ភូមិ.ឃុំ មន្ត្រីការិយាលយ័ជំនាញចំណុះសាលាស្រុក កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវនិងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវបានចុះអនុវត្តលិខិតជូនដំណឹង(ស.ជ.ណ )លេខ០១៨ ចុះថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ដែលបានជម្រាបមក ជាម្ចាស់ជាអ្នកចាក់ដីនិងថ្មរំលោភយកដីឆ្នេរសមុទ្រដែលជាដីឆ្នេរសាធារណៈរបស់រដ្ឋបំរើប្រយោជន៍សាធារណៈ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយតិរៈវិថីសម្តេចហ៊ុន សែនទល់មុខឃ្លាំងស្តុកប្រេងឥន្ទៈក្រុមហ៊ុនកម្ពុជាតេលា ស្ថិតក្នុងភូមិ0៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក អ៊ុង ឆាលី អភិបាលរង ស្រុកស្ទឹងហាវ ដែលទទួលកិច្ចការដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពស្រុកចុះមកអនុវត្តលិខិតជូនដំណឹងខាងលើ ត្រូវបានធ្វើឡើងទៅតាមបទបញ្ជារបស់រដ្ឋបាលខេត្តព្រះសីហនុ បន្ទាប់ពីរដ្ឋបាលស្រុកបានធ្វើរបាយការណ៍ជូនទៅរដ្ឋបាលខេត្តអំពីសកម្មភាពជនមិនស្គាល់អត្តសញ្ញាណ ឆ្លៀតឱកាសបានធ្វើសកម្មភាពនៅពេលយប់លួចចាក់ដីនិងថ្មរំលោភយកដីឆ្នេរសមុទ្រ នៅចំណុចខាងលើនេះមានប្រវែងបណ្តោយ១២០ម៉ែត្រ×៥០ម៉ែត្រជម្រៅចូលក្នុងសមុទ្រ នាពេលកន្លងមកថ្មីៗនេះ ខណៈដែលរដ្ឋបាលស្រុកនិងរដ្ឋបាលខេត្តព្រះសីហនុកំពុងមមាញឹកក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ដើម្បីប្រយុទ្ធប្រឆាំងទប់ទល់និងជម្ងឺកូវីឌ១៩នៅក្នុងសហគមន៍។

លោកបានបន្តឲ្យដឹងទៀតថានៅក្នុងសកម្មភាពចុះអនុវត្តការងារកម្លាំងគណៈបញ្ជាការឯកភាពស្រុកបានប្រើប្រាស់គ្រឿងចក្រ អេស្ការវ៉ាទរមួយគ្រឿងនិងរថយន្តធុនធំជាច្រើនគ្រឿង ដើម្បីកាយដីនិងថ្មដែលជនទុច្ចរិតចាក់ចូលទៅក្នុងសមុទ្រដឹកជញ្ជូនយកចេញវិញដើម្បីរក្សាភាពដើមរបស់ឆ្នេរសមុទ្រ។លោកអភិបាលរងស្រុកស្ទឹងហាវបានបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងសកម្មភាពខាងលើនេះជនទុច្ចរិតមិនស្គាល់អត្តសញ្ញាណដែលលួចធ្វើសកម្មភាពចាក់ដីនិងថ្មរំលោភយកដីឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធនៅតែបន្តគេចវេះមិនព្រមចូលខ្លួនមកទទួលខុសត្រូវជាមួយអាជ្ញាធរមានសមត្ថកិច្ចឡើយ ។ហើយសកម្មភាពកាយដីនាពេលនេះគឺជាលើកទី០២ដែលរដ្ឋបាលស្រុកស្ទឹងហាវនិងរដ្ឋបាលខេត្តព្រះសីហនុបានប្រើកណ្តាប់ដៃដែកចាត់វិធានការឲ្យជនទុច្ចរិតដែលចូលចិត្តរំលោភយកដីឆ្នេរសមុទ្រយកទៅធ្វើជាកម្មសិទ្ធ៕ ដោយ ៖ មនោរាជ