ផ្សារទួលទំពូង ប្រកាសកំណត់ការបើកទ្វារចេញ-ចូលផ្សារតាមថ្ងៃសេស និងថ្ងៃគូ

ភ្នំពេញ ៖ គណៈកម្មការផ្សារទួលទំពួង បានចេញសេចក្តីជូនដំណឹងដល់បងប្អូនអជាតិ អន្តរជាតិ ឲ្យបានឲ្យដឹងថា ដោយផ្អែកតាមស្ថានភាពប្រឈមនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គណៈកម្មការផ្សារ នឹងចាត់វិធានការពង្រឹង បន្ថែមទៀតលើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ទៅលើបងប្អូនអាជីវករ ភ្ញៀវ និងបុគ្គលគ្រប់រូប ដែលអញ្ជើញ ចូលក្នុងផ្សារស្របទៅតាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល។ វិធានការនេះ ធ្វើឡើង ក្នុងគោលបំណងធានាបាននូវសុវត្ថិភាព ជូនដល់បងប្អូន អាជីវករ ដែលកំពុងលក់ ដូរក្នុងផ្សារ និងភ្ញៀវជាតិ អន្តរជាតិដែលអញ្ជើញមកផ្សារ ជៀសផុតពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

សេចក្តីជូនដំណឹងរបស់គណៈកម្មការផ្សារ បានឱ្យដឹងថា គណៈកម្មការផ្សារ នឹងរៀបចំកម្លាំងសន្តិសុខ ធ្វើការត្រួតពិនិត្យតាមវិធានការសុខាភិបាល ជូនបងប្អូនដែលអញ្ជើញចូលក្នុងផ្សារឲ្យបានហ្មត់ចត់គ្រប់ៗគ្នា ចៀសវាង នូវភាពខ្វះចន្លោះណាមួយជាយថាហេតុ ដែលចាំបាច់ត្រូវបិទច្រកទ្វារចេញចូលផ្សារ មួយចំនួន និងតម្រូវឲ្យបងប្អូនអាជីវករ ភ្ញៀវជាតិ អន្តរជាតិ ត្រូវចូលមកខាងក្នុងផ្សារ តាមច្រកទ្វារ ដែលត្រូវកំណត់បើក និងបិទតាមពេលវេលាដូចតទៅ ៖
អនុញ្ញាតឲ្យចូលផ្សារ រៀងរាល់ថ្ងៃសេស នៅច្រកទ្វារលេខ ១,៣,៥,៧,៩,១១,១៣,១៥ និងអនុញ្ញាតឲ្យចូលផ្សារ រៀងរាល់ថ្ងៃគូ ច្រកទ្វារលេខ ២,៤,៦,៨,១០,១២,១៤,១៦៕