ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ និងងាយរងគ្រោះដោយវិបត្តិកូវីដ ១៩ នៅជុំទី៤ លើកទី២ និងបន្តលើកទី៣ រហូតដល់ចុងខែមេសា ឆ្នាំ ២០២១ បន្ទាប់ពីបានចំណាយថវិការដ្ឋអស់ជាង ២៣០ លានដុល្លារ ជួយពលរដ្ឋជាង ៦៨ ម៉ឺនគ្រួសារ។
សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទាចុះថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២១ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ខែ កុម្ភៈ ២០២១ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋចំនួន ២៣០,៥៨ លានដុល្លារ ជួយដល់ជនក្រីក្រ និងងាយរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩។
ក្រសួងសង្គមកិច្ចឱ្យដឹងដែរថា ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់នៅជុំទី១ ជុំទី២ ជុំទី៣ និងជុំទី៤ លើកទី១ រួចហើយ សូមទៅបើកប្រាក់នៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ជាថ្មីទេ។ ប៉ុន្តែចំពោះគ្រួសារមានបណ្ណសមធម៌ មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ក្នុងជុំទី១ ដល់ជុំទី៤ លើកទី២ និងគ្រួសារក្រីក្រដែលទើបបានបណ្ណថ្មី សូមទៅផ្ទៀងផ្ទាត់នៅតាមឃុំ សង្កាត់ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី៤ លើកទី២៕
































