ប្រុងប្រយ័ត្ន ! កុំឆ្លើយតបទៅលេខទូរស័ព្ទក្រៅប្រទេសព្រោះជាការបោកប្រាស់

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់កុំទូរស័ព្ទទៅលេខក្រៅប្រទេសដែលលោកអ្នកមិនស្គាល់ ជាពិសេស បើបងប្អូនទទួលបានសារមានដូចជា ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារ សូមបងប្អូនកុំធ្វើការឆ្លើយតបឱ្យសោះ ព្រោះនេះគឺជាការបោកបញ្ឆោតរបស់ក្រុមជនខិលខូចប៉ុណ្ណោះ។

គួររំឭកថា ការណែនាំនេះ បានធ្វើឡើងដោយសារថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញថា មានពលរដ្ឋជាច្រើនបានទទួលការតេចូលពីលេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែទូរស័ព្ទចូលហើយដាក់ចុះវិញភ្លាមៗ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា តាមការស្រាវជ្រាវបឋម នាយកដ្ឋានបានរកឃើញថា នេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរស័ព្ទរបស់ខ្លួនតេត្រឡប់ទៅលេខក្រៅប្រទេសមួយចំនួននោះវិញ ដែលបញ្ហានេះ ក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជារួចមកហើយ។ ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់ នឹងត្រូវខាតបង់លុយជាច្រើននៅពេលដែលពួកគេបានយកលេខទូរស័ព្ទរបស់ខ្លួនតេទៅលេខនោះ ដោយសារតម្លៃសេវា គឺមានតម្លៃថ្លៃ ហើយទឹកប្រាក់និងត្រូវបានកាត់យកពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ៕