ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាន សម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាក រយៈ ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
ក្នុងសារាចរណែនាំនេះ បញ្ជាក់ថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» ដែលប្រទេសជាតិបាន និងកំពុងបន្តជួបប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ -១៩ និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ។
ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងកម្ពុជា រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការមួយចំនួនពាក់ព័ន្ធនឹងការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោ ស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕


































