គ.ជ.ប.ត្រៀមរៀបចំការបោះឆ្នោតឡើងវិញដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត

ភ្នំពេញ ៖ ថ្មីៗនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ៣៨ អខក្រ .បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ ស្តីពីការបង្កើតក្រុងបូកគោនៃខេត្តកំពត ដែលក្រុងនេះមានសង្កាត់ ចំនួន ៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ។

យោងតាមមាត្រា ១៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុម ប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើងតាមការបោះ ឆ្នោតអសកល ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាខណ្ឌដែលហៅកាត់ថា” ក្រុមប្រឹក្សា” ។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា យោងមាត្រា៧៨ នៃច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការរៀបចំ ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌដែលបង្កើតថ្មី ត្រូវធ្វើ ឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ ថ្ងៃ បន្ទាប់ពីការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌនោះ ។ សម្រាប់ ក្រុងបូកនៃខេត្តកំពតដែលទើបបង្កើតថ្មីនេះ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញតាម កាលបរិច្ឆេទដែលកំណត់ដោយនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕