រដ្ឋលេខាធិការក្រសួងព័ត៌មាន ចុះពិនិត្យវឌ្ឍនភាពការងារ មន្ទីរព័ត៌មានខេត្តព្រះសីហនុ

ដោយយោងតាមការណែនាំរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានដឹកនាំប្រតិភូក្រសួង ព័ត៌មាន ចុះពិនិត្យវឌ្ឍនភាពកាងារ និងសួរសុខទុក្ខមន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោកបណ្ឌិត សុខ ប្រសិទ្ធិ បានសម្តែងក្តីព្រួយបារម្ភរបស់លោករដ្ឋមន្ត្រី ចំពោះ សមាជិក-សមាជិកា នៃមន្ទីព័ត៌មានខេត្តព្រះសីហនុទាំងអស់ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ កូវីដ-១៩នេះ។ លោកក៏បានណែនាំមន្ត្រីនៅមន្ទីរព័ត៌មានខេត្តព្រះសីហនុ ត្រូវប្រុងប្រយ័ត្នឱ្យបាន ខ្ពស់។

ជាពិសេសត្រូវអនុវត្តតាមវិធាន «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន និងអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

ទន្ទឹមនឹងការសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មានហើយនោះ ឯកឧត្តម សុខ ប្រសិទ្ធិ ក៏បាននាំយកអំណោយមួយចំនួន ដែលជាថវិកាផ្ទាល់របស់លោកបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចែកជូនមន្ទីព័ត៌មាន ខេត្ត្តព្រះសីហនុ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាព ក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវី-ដ១៩។

អំណោយនោះរួមមាន៖ អង្ករ ២៥០គីឡូក្រាម, មី ២០កេស, ទឹកបរិសុទ្ធ ២០កេស, អាល់កុល ៣កាន និងថវិកា៤ លានរៀល៕