ទាហានថែរក្សាសន្តិភាពចំនួន១៣ នាក់រងរបួស និង៦នាក់បានស្លាប់ ក្នុងការវាយប្រហាដោយពួកសកម្មប្រយុទ្ធនៅម៉ាលី

បេសកកម្មអង្គការសហប្រជាជាតិបាននិយាយថា ទាហានថែរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិចំនួន១៣នាក់ រួមមាន១២នាក់សញ្ជាតិអាឡឺម៉ង់ និងម្នាក់ជាបែលហ្សិច បានរងរបួសនៅម៉ាលីខាងជើងដោយសារការផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តមួយ នៅពេលយោធាម៉ាលីបាននិយាយថា ទាហានរបស់ខ្លួន៦នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅភាគកណ្តាលប្រទេស។

ការវាយប្រហារនៅភាគខាងជើងប្រទេសនេះផ្តោតលើមូលដ្ឋានបណ្តោះអាសន្នមួយរបស់ទាហានថែរក្សាសន្តិភាពនៅជិតភូមិ អ៊ីចាហ្ការ៉ា ក្នុងតំបន់ហ្កាវ កន្លែងដែលពួកបះបោរអ៊ីស្លាមធ្វើសកម្មភាព។

អ្នកនាំពាក្យបេសកកម្មបាននិយាយថា ទាហានអាឡឺម៉ង់៣នាក់រងរបួសធ្ងន់ ដោយម្នាក់ត្រូវវះកាត់។ការវាយប្រហារប្រដាប់អាវុធពីសំណាក់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនិងក្រុមដទៃទៀត កើតមានជាទូទៅនៅទូទាំងតំបន់ធំល្វឹងល្វើយរបស់ម៉ាលីនិងនៅក្នុងប្រទេសក្បែរខាង បួគីណា ហ្វាសូ ព្រមទាំងនៅនីហ្សេទោះជាវត្តមានទាហានថែរក្សាសន្តិភាពនិងទាហានអន្តរជាតិរាប់ពាន់នាក់ទៀតនៅក្នុងតំបន់នេះ។

បេសកកម្មអង្គការសហប្រជាជាតិនៅម៉ាលី មានឈ្មោះថា MINUSMAបានដាក់ពង្រាយទាហានជាង១៣.០០០នាក់ដើម្បីទប់ស្កាត់អំពើហិង្សាដោយក្រុមប្រដាប់អាវុធនៅភាគខាងជើងនិងកណ្តាលប្រទេសនៅអាហ្វ្រិកខាងលិចនេះ៕