ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដ៏រហ័សរបស់ចិន កំពុងធ្វើឲ្យសហរដ្ឋអាមេរិកព្រួយបារម្ភ

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថាអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)បាននិយាយថាការអភិវឌ្ឍឆាប់រហ័សនៃកងកម្លាំងនុយក្លេអ៊ែររបស់ចិនគឺជាក្ដីកង្វល់ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំងចូលរួម ក្នុងការកាត់បន្ថយហានិភ័យនៃអស្ថិរភាព ដែលបង្កឡើងដោយការរត់ប្រណាំងសព្វាវុធ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទ កាសែតដ៏ខ្លីមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បានលើកឡើងដូច្នេះថា «របាយការណ៍ជាច្រើនបានបង្ហាញថា ឃ្លាំអាវុធនុយក្លេអ៊ែររបស់ចិន បាន និងកំពុងរីកធំឡើងយ៉ាងឆាប់រហ័ស… ហើយការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ គឺជាក្ដីកង្វល់ និងបង្ក ឱ្យមានសំនួរជាច្រើន ពាក់ព័ន្ធនឹងចេតនាពិតប្រាកដរបស់ចិន។

តែយ៉ាងណាក៏ដោយ យើងនៅតែជំ រុញលើកទឹកចិត្ត ឱ្យចិនចូលរួមជាមួយពួកយើង ដើម្បីអនុវត្តវិធានការនានា ដែលជួយកាត់បន្ថយ ហានិភ័យបង្កឡើង ដោយការរត់ប្រណាំងសព្វាវុធ»។

សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក៏បានអះអាងដែរថា ចិនបាននិងកំពុងចាប់ផ្ដើមផលិត មីស៊ីលបាញ់ចេញពីក្រោមដីច្រើនជាង ១០០គ្រាប់ នៅឯតំបន់វាល ខ្សាច់ស្ថិតនៅប៉ែកខាងលិចនៃប្រទេស។ យ៉ាងណាក៏ដោយ ប្រទេសចិនមិនទាន់ធ្វើការឆ្លើយតប ណាមួយ ចំពោះការលើកឡើងដោយសហរដ្ឋអាមេរិកបែបនេះឡើយ៕