ការផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ឲ្យអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ព្យាបាលតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២១។ មកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ដែលបានដាក់ឱ្យព្យាបាលតាមផ្ទះ នៅរាជធានីភ្នំពេញ មាន ១០៣៣នាក់ ហើយបានជាសះស្បើយ ២៦៨នាក់។
បន្ទាប់ពីដាក់ឲ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាតាមផ្ទះ នៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាល ក៏គ្រោងដាក់ខេត្តកណ្តាលមួយទៀត អោយព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះផងដែរ។
ការដាក់ឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ធ្វើឡើងដើម្បីទុកកន្លែងព្យាបាល ឱ្យអ្នកជំងឺធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត ពីជំងឺឆ្លងដ៏កាចសាហាវ អោយបានទាន់ពេលវេលា។
មុនដាក់ឱ្យអ្នកជំងឺកូវីដ១៩ ព្យាបាលនៅតាមផ្ទះ អ្នកជំងឺ ក៏ត្រូវបានវាយតម្លៃលើសុខភាពពីក្រុមគ្រូពេទ្យ និងលក្ខខណ្ឌលំនៅឋាន អំណោយផល សម្រាប់ដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ពីក្រុមគ្រួសារ និងសមស្របតាមវិធានសុខាភិបាលផ្សេងទៀតផងដែរ។
អាជ្ញាធររាជធានីភ្នំពេញ ក៏បានលើកឡើងថា ការព្យាបាលតាមផ្ទះនេះ ដំណើរការទៅដោយរលូន គឺទាមទារឱ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេសការវេចខ្ចប់ទុកដាក់កាកសំណល់សំរាមរបស់អ្នកជំងឺ ជាដើម។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ក្នុងភូមិសាស្ត រាជធានីភ្នំពេញ។
នៅថ្ងៃទី១២ ខែកក្កដា ក្រសួងសុខាភិបាល ក៏ផ្សព្វផ្សាយនូវវិធីព្យាបាលអ្នកជំងឺកូវីដ១៩ គ្មានរោគសញ្ញា ឬកម្រិតស្រាល នៅតាមផ្ទះ គឺអ្នកជំងឺនោះ គ្មានរោគសញ្ញា ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម កំដៅតិចជាង ឬស្មើ ៣៧,៥។ ករណីនេះ ពុំចាំបាច់ប្រើឱសថព្យាបាលទេ។ លក្ខខណ្ឌសុខភាពធម្មតា គឺកំដៅ តិចជាង ឬស្មើ ៣៧,៥ ចង្វាក់ដង្ហើមធម្មតា (១៤-២០ដង/នាទី សម្រាប់មនុស្សពេញវ័យ) និងសម្ពាធឈាមស៊ីស្តូលិក ធំជាង ឬស្មើ 90mmHg។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា នៅពេលអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅផ្ទះ អស់កម្លាំង ឬហត់បន្តិចបន្តួច ឬមិនស្រណុកក្នុងខ្លួន គឺបរិភោគអាហារ មានជីវជាតិគ្រប់គ្រាន់ ( សាច់ បន្លែ ផ្លែឈើ ) ពិសាទឹកឲ្យបានច្រើន និងសម្រាកឲ្យបានច្រើន។
ករណីក្តៅខ្លួន ឬឈឺក្បាល ឬឈឺបំពង់ក ឬឈឺសាច់ដុំ ឬឈឺសន្លាក់ នោះក្រសួងសុខាភិបាល ណែនាំថា មនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គ.ក្រ ឡើង ត្រូវទទួលទានថ្នាំ ប៉ារ៉ាសេតាម៉ុល (Paracetamol) ៥០០ម.ក្រ គឺ ៣ដង ក្នុង ១ថ្ងៃ។ បើកុមារ មានទម្ងន់ ២០-២៩ គ.ក្រ ត្រូវទទួលទានថ្នាំ ប៉ារ៉ាសេតាម៉ុល (Paracetamol) ៣០០គ.ក្រ គឺ ៣ដង ក្នុង ១ថ្ងៃ។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា បើតឹងច្រមុះ ឬផ្តាសាយ ឬហៀរសំបោរ ឬក្អក ( មាន ឬមិនមានស្លេស ) គឺមនុស្សពេញវ័យ ឬកុមារអាយុចាប់ពី ៦ឆ្នាំឡើង ត្រូវទទួលទានថ្នាំ ប្រូម៉ិចស៊ីន (Bromhexine) ៨ម.ក្រ គឺ ៣ដង ក្នុង ១ថ្ងៃ ឬសេទីរីហ្ស៊ីន (Certirizine) ១០ម.ក្រ ១ដង ក្នុង ១ថ្ងៃ។ សម្រាប់មនុស្សពេញវ័យ ត្រូវប្រើថ្នាំគ្រាប់ លៀនហ័រ ឈីងវឹន ( Lianhua Qingwen Capsules ) ដោយលេប ចំនួន ៤គ្រាប់ ក្នុង ១ដង និងចំនួន ៣ដង ក្នុង ១ថ្ងៃ។
ចំពោះគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីគ្រួសារ នៅក្នុងបន្ទប់ មានខ្យល់ចេញចូលល្អ និងមានបន្ទប់ទឹក /បង្គន់ខាងក្នុង។ អ្នកជំងឺកូវីដនោះ ត្រូវពាក់ម៉ាសជាប់ជានិច្ច។ លាងដៃជាមួយអាល់កុល ឬជាមួយសាប៊ូ និងទឹក ជាប្រចាំ។ រក្សាគម្លាតពីសមាជិកគ្រួសារ យ៉ាងតិច ២ម៉ែត្រ បើត្រូវពិភាក្សាគ្នា។
ក្រសួងសុខាភិបាល ក៏បានណែនាំថា បើមានសញ្ញាអាសន្ន ត្រូវឆាប់ទាក់ទងមកគ្រូពេទ្យព្យាបាល។ សញ្ញាអាសន្ន មានដូចជា៖ ហត់ ឬពិបាកដងដង្ហើម ឈឺទ្រូងខ្លាំង និងភ្លាមៗវង្វេងស្មារតី ( ទើបកើតថ្មីៗ ) បាត់មាត់ បាត់ក និងបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។
អ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលតាមផ្ទះ ក៏ត្រូវបានក្រសួងសុខាភិបាល ណែនាំឲ្យបរិភោគអាហារ និងប្រើប្រាស់សម្ភារៈបរិក្ខារដាច់ដោយឡែកពីគ្រួសារ។ ខ្ចប់សំណល់ពីការប្រើប្រាស់ ក្នុងស្បោងប្លាស្ទិកឲ្យបានត្រឹមត្រូវ។ ដាក់ដាច់ដោយឡែកពីសំរាមរបស់សមាជិកគ្រួសារដទៃទៀត។ ទុកឲ្យមានសុវត្ថិភាពរយៈពេល ៧២ម៉ោង មុននឹងយកទៅដាក់នៅកន្លែងប្រមូលសំរាម។
ក្រៅពីនោះ អ្នកជំងឺកូវីដ កម្រិតស្រាល ដែលសម្រាកព្យាបាលនៅតាមផ្ទះ ក៏ត្រូវបានក្រសួងសុខាភិបាល ណែនាំឲ្យតាមដានសុខភាពផ្ទាល់ខ្លួន ( វាស់កំដៅរៀងរាល់ព្រឹក និងល្ងាច ) ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ រក្សាទំនាក់ទំនងជាមួយគ្រូពេទ្យ ព្យាបាលតាមរយៈទូរសព្ទ ឬបណ្តាញសង្គមរាល់ថ្ងៃ។ បរិភោគអាហារ ដែលមានជីវជាតិគ្រប់គ្រាន់ និងហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ។
សម្រាប់ព័ត៌មានបន្ថែមអំពីការព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ សូមទាក់ទងទៅទូរសព្ទ ទាន់ហេតុការណ៍ 1222 ដោយឥតគិតថ្លៃ៕
































