ភ្លើងឆេះព្រៃនៅភាគខាងលិចអាមេរិក កាន់តែអាក្រក់ខ្លាំងឡើង, ក្រុមពន្លត់អគ្គិភ័យរាប់ម៉ឺននាក់ កំពុងប្រយុទ្ធតស៊ូ

តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងប្រយុទ្ធ តស៊ូជាមួយអណ្តាតភ្លើងឆេះព្រៃជាង ៦០កន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទជាច្រើន នៅបណ្ដា រដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក ស្របពេលមានការព្យាករណ៍ថា ស្ថានភាពភ្លើងឆេះព្រៃ រួមទាំងអាកាសធាតុក្ដៅ នឹងកាន់តែមានសភាពធ្ងន់ធ្ងរ។

ភ្លើងឆេះព្រៃឈ្មោះ ប៊ូតលែក (Bootleg Fire) ក្នុងតំបន់ ក្លាម៉ាត់ (Klamath) នៃរដ្ឋ អូរ៉េហ្គន (Oregon) គឺជាភ្លើងឆេះព្រៃធំបំផុត គិតត្រឹម ថ្ងៃពុធសប្ដាហ៍នេះ ដោយវាបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៨៥៩គីឡូម៉ែត្រក្រឡា។ អាជ្ញាធរបានព្រមានទៀតថា ភ្លើងឆេះព្រៃ Bootleg Fire នឹងបន្តឆេះរាលដាលកាន់តែខ្លាំង ក៏ដូច ជានឹងបង្កឱ្យអាកាសធាតុឡើងក្ដៅ នៅប៉ុន្មានថ្ងៃខាងមុខផងដែរ។

ដោយឡែកនៅឯតំបន់ភាគខាងជើងកាលីហ្វ័រញ៉ា (Northern California) ភ្លើងឆេះព្រៃឈ្មោះ ប៊ែកវើស (Beckwourth) គឺជាភ្លើងឆេះព្រៃធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយវាបានបំផ្លាញ ព្រៃឈើ លើផ្ទៃដីជាង ៣៨៥គីឡូម៉ែត្រក្រឡា ហើយគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ក្រុមអ្នកពន្លត់អគ្គិ ភ័យអាចគ្រប់គ្រងភ្លើងឆេះព្រៃនេះបានជាង ៧១% ហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺរលកម្ដៅបង្កឡើងដោយភ្លើងឆេះព្រៃ Beckwourth បានហក់ឡើងដល់ ៤០អង្សាសេឯណោះ៕