រដ្ឋលេខាធិការក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច

(កំពត)៖ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូម ពរដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមថែរក្សា ទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស អាចប្រើប្រាស់បានយូរអង្វែង សូមកុំប្រថុយប្រថានដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបង្កឱ្យផ្លូវឆាប់ខូច និងបង្កជាគ្រោះថ្នាក់ ចរាចរណ៍។

ឯកឧត្តម ខាន់ ម៉ាណេរ បានសំណូមពរដូចនេះនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំ ក្រុម ការងារបច្ចេកទេសក្រសួង ចុះពិនិត្យការងារបច្ចេកទេសសាងសង់ កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) មុនធ្វើការប្រគល់-ទទួល ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំ ស្របតាម បទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ច សន្យាសាងសង់។

ឯកឧត្តម ខាន់ ម៉ាណេរ បានថ្លែងបញ្ជាក់ថា សូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ ឱ្យបានគង់វង្សអាចប្រើ ប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ ដោយលំបាក និងបានទទូចឱ្យពលរដ្ឋកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែល បង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួម ចំណែកក្នុងការកសាង ប្រទេសជាតិ មាតុភូមិងឱ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះដែរបន្ទាប់ពីការពិនិត្យការងារបច្ចេកទេសសាងសង់ កំណាត់ផ្លូវជាតិលេខ៣ ដោយ យកចិត្តទុកដាក់លើលក្ខណៈបច្ចេកទេសសាងសង់រួចមក លោក ខាន់ ម៉ាណេរ ក៏បានណែនាំឱ្យ ក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់ មុននឹងធ្វើការ ប្រគល់-ទទួល រវាងក្រសួង និងក្រុមហ៊ុនសាងសង់។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤.៧៩ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ អនុវត្តសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)៕