កាលពីនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខជូន លោកស្រី ឡូរ៉េត ស្ទីនសេន (Laurette STEENSSENS) ប្រធានសមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹក ជំនន់យ៉ាងគំហុក នៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក។
ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមាន ក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ប្រជាជនចំនួន២០នាក់បានបាត់ បង់ជីវិត ជាច្រើននាក់ទៀតកំពុងបាត់ខ្លួន និងរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀស ទៅកាន់ទីជំរក ដោយសារតែទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេស បែលហ្សិក កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមក ។
»សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា «ក្នុងព្រះបរមនាមសម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហម កម្ពុជា ក្នុងនាមកាកបាទក្រហមកម្ពុជា និងសហការី និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួម រំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែងចំពោះលោកស្រី ឡូរ៉េត ស្ទីនសេន ចំពោះសមាគមជាតិកាកបាទក្រហមបែលហ្សិក និងប្រជាជន បែលហ្សិក ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់ មនុស្សជាទីស្រឡាញ់របស់ខ្លួន។
ខ្ញុំសូមបួងសួងឲ្យអ្នករងរបួស ឆាប់ជាសះស្បើយសូមឲ្យការរុករកអ្នកបាត់ខ្លួនឆាប់រកឃើញ និងសូមជូនពរជោគជ័យក្នុងការស្តារឡើង វិញ តំបន់ទាំងឡាយដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះ៕
































