អគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង អាល់កុល ម៉ាស់ និងថវិកា២០លានរៀន ជូនរដ្ឋបាលខេត្តកណ្ដាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(កណ្ដាល)៖ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកណ្ដាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចាត់តំណាងនាំយកប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង, អាល់កុល ១០កេស, ម៉ាស់ចំនួន ១ម៉ឺន និងថវិកាចំនួន ២០លានរៀល ដល់រដ្ឋបាលខេត្តកណ្ដាល ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩។

លោក រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ការឧបត្ថម្ភនេះ ជាការចូលរួមចំណែកលើកកម្ពស់ ការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទូទាំងអស់ នៅក្នុងខេត្តកណ្ដាល ដោយមិនប្រកាន់និន្នាការនយោបាយឡើយ និងបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់វិស័យសុខាភិបាលដើម្បី ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន។

តំណាងលោកអគ្គបណ្ឌិតក៏បានពាំនាំការកោតសរសើររបស់លោកអគ្គបណ្ឌិត ដល់លោកអភិបាល ខេត្ត និងក្រុមមន្ត្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត តស៊ូប្រឹងប្រែងយ៉ាងស្វាហាប់ក្នុង ការទប់ស្កាត់ជំងឺកូវីដ១៩ ព្រមទាំងព្យាបាលអ្នកជំងែកូវីដ១៩ ឱ្យជាសះស្បើយកាន់តែច្រើនឡើងៗពី មួយថ្ងៃទៅមួយថ្ងៃ។

គួរជម្រាបថា ដូចសព្វមួយដងដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី តែងតែបានយកចិត្ត ទុកដាក់ខ្ពស់ នៅគ្រប់កាលៈទេសៈក្នុងការឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងធនធានផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្ត។ កាយវិការដ៏ប្រពៃជាទីគោរពដ៏ខ្ពង់ខ្ពស់នេះ បានបង្ហាញអំពីសមានចិត្តដ៏មហា សប្បុរស ក្នុងការជួយគាំទ្រ ដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំង ខេត្ត ដើម្បីចូលរួម និងពង្រឹងការអនុវត្តនូវរាល់បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័ននានា លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ កាយវិការដ៏មហាសប្បុរសនេះ នឹងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពល រដ្ឋទូទាំងខេត្តកណ្តាល ចងចាំទុកនៅក្នុងដួងចិត្តជារៀងរហូត។

នៅក្នុងពិធីប្រគល់-ទទួលនេះ លោកគង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងលោកស្រី ដែលតែងតែឧបត្ថម្ភជាបន្ត បន្ទាប់ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីដោះស្រាយបញ្ហាចំពោះដែលបណ្តាលមកពីជំងឺកូវីដ១៩នេះ។

គួរជម្រាបថា លោកអគ្គបណ្ឌិតបានឧបត្ថម្ភជួយមកដល់រដ្ឋបាលខេត្តកណ្ដាល យ៉ាងច្រើនក្រាស់ ក្រែលចាប់តាំងពីកើតជំងឺកូវីដ១៩ មកម្ល៉េះ៕