ពួកតាលីបង់ព្រមានវាយប្រហារគោលដៅច្រើនបន្ថែមទៀត ខណៈកងកម្លាំងអាហ្វហ្គានីស្ថានព្យាយាមការពារទីក្រុងដែលគេឡោមព័ន្ធ

កាលពីថ្ងៃពុធទី៤សីហា ក្រុមតាលីបង់បានព្រមានអំពីការវាយប្រហារបន្ថែមទៀតដែលផ្តោតលើមេដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានពោលគឺមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិបានរួចផុតពីការប៉ុនប៉ងធ្វើឃាត និងខណៈដែលក្រុមបះបោរបានប្រយុទ្ធដើម្បីគ្រប់គ្រងទីក្រុងដែលត្រូវបានឡោមព័ទ្ធជាច្រើននៅទូទាំងប្រទេស។

ការវាយប្រហារដោយគ្រាប់បែកនិងកាំភ្លើងទៅលើរដ្ឋមន្ត្រីការពារជាតិលោកប៊ីស្មីឡា ម៉ូហាម៉ាឌីកាលពីយប់ថ្ងៃអង្គារបាននាំសង្គ្រាមមកកាន់រដ្ឋធានីជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ។

ប៉ុន្តែការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតាមជនបទចាប់តាំងពីខែឧសភានៅពេលដែលកងកម្លាំងបរទេសចាប់ផ្តើមដំណាក់កាលចុងក្រោយនៃការដកទ័ពចេញដែលគ្រោងនឹងបញ្ចប់នៅចុងខែនេះ។

យោធាអាហ្វហ្គានីស្ថាននិងអាម៉េរិកបានបង្កើនការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមបះបោរនេះ ហើយក្រុមតាលីបង់បាននិយាយកាលពីថ្ងៃពុធថាការវាយឆ្មក់នៅទីក្រុងកាប៊ុលគឺជាការឆ្លើយតបរបស់ពួកគេ។

អ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហ៊ុលឡា មូចាហ៊ីដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមថា”ការវាយប្រហារនេះគឺជាការចាប់ផ្តើមនៃប្រតិបត្តិការសងសឹកប្រឆាំងនឹងរង្វង់ថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងកាប៊ុលដែលបញ្ជាឱ្យធ្វើការវាយប្រហារនិងទម្លាក់គ្រាប់បែកនៅតំបន់ផ្សេងៗនៃប្រទេស”។

ការវាយប្រហារនេះតំណាងឱ្យការបង្កើនការវាយលុកដ៏ធំរបស់ក្រុមតាលីបង់ដែលបានចៀសវាងការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងរដ្ឋធានីចាប់តាំងពីការចាប់ផ្តើមចរចាជាមួយអាម៉េរិកស្តីពីការដកកងទ័ពរបស់ពួកគេ។

អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFPបានរាយការណ៍ថា គ្រាប់បែកទីមួយបានផ្ទុះនៅចំកណ្តាលទីក្រុងកាប៊ុល ដោយបញ្ជូនផ្សែងយ៉ាងក្រាស់ទៅលើមេឃ។

មិនដល់ពីរម៉ោងក្រោយមកក៏មានការផ្ទុះដ៏ខ្លាំងមួយទៀតបានកើតឡើងតាមពីក្រោយដោយការផ្ទុះតូចៗនិងការបាញ់កាំភ្លើងយ៉ាងច្រើននៅជិតតំបន់បៃតងដែលមានសន្តិសុខការពារខ្ពស់ ជាទីដែលមានស្ថានទូតជាច្រើនរួមទាំងបេសកកម្មអាម៉េរិកផងដែរ។

រដ្ឋមន្ត្រីការពារជាតិមានសុវត្ថិភាពហើយកងកម្លាំងអាហ្វហ្គានីស្ថានបានបណ្តេញជនវាយប្រហារទាំងអស់នោះ ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក មៀវ៉ាអ៊ីស ស្តានីកហ្សៃ បាននិយាយថា មនុស្ស ៨ នាក់បានស្លាប់និងជាច្រើននាក់ទៀតរងរបួស៕