ក្រុមតាលីបង់កំពុងដណ្តើមកាន់កាប់ទឹកដីអាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័ស ប៉ុន្តែប្រធានាធិបតីចូ បៃដិននៅតែប្រកាន់ជំហរយ៉ាងរឹងមាំអំពីការចាកចេញរបស់អាម៉េរិក ដោយជម្រើសមានតិចតួចប៉ុណ្ណោះដាក់នៅលើតុដើម្បីទាញត្រឡប់ក្រោយសម្ទុះរបស់ក្រុមបះបោរនេះ។
ការសម្រុករុលទៅមុខរបស់ពួកតាលីបង់រួមទាំងការដណ្តើមយកទីរួមខេត្តចំនួនប្រាំមួយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះអាចមើលទៅគួរឱ្យភ្ញាក់ផ្អើលចំពោះល្បឿនរបស់ពួកគេប៉ុន្តែមិនមែនជារឿងដែលគេមិនរំពឹងនៅទីក្រុងវ៉ាស៊ីនតោននោះទេ ខណៈយោធាអាម៉េរិកនឹងបំពេញការដកទ័ពចេញអស់ត្រឹមថ្ងៃទី ៣១ ខែសីហា ដែលបញ្ជាដោយលោកបៃដិន។
លោកស្រី ឡូរែល មីលល័រ ជាតំណាងពិសេសរបស់អាម៉េរិកប្រចាំនៅអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានរហូតដល់ឆ្នាំ២០១៧ បាននិយាយថា “ការសម្រេចចិត្តដកទ័ពចេញត្រូវបានធ្វើឡើងដោយដឹងច្បាស់ពីអ្វីដែលយើងកំពុងមើលឃើញកើតឡើងបច្ចុប្បន្ន”។
សម្រាប់លោកបៃដិន ដែលជាអ្នកគាំទ្រឱ្យបញ្ចប់សង្គ្រាមយូរបំផុតរបស់អាម៉េរិក គឺមានការប៉ាន់ស្មានដ៏សោះកក្រោះបំផុត ពោលគ្មានអ្វីច្រើនទៀតទេត្រូវសម្រេចឱ្យបានព្រោះសហរដ្ឋអាម៉េរិកបានសម្រេចគោលដៅរបស់ខ្លួនជាយូរមកហើយក្នុងការយកឈ្នះលើក្រុមអាល់កៃដានៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ទោះបីតាលីបង់មិនទាន់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវកម្មនេះក៏ដោយ។
លោកបៃដិនបាននិយាយកាលពីខែមុនថា “បទពិសោធន៍ជិត ២០ ឆ្នាំបានបង្ហាញយើងថា ការប្រយុទ្ធគ្នាតែមួយឆ្នាំទៀតនៅអាហ្វហ្គានីស្ថានមិនមែនជាដំណោះស្រាយទេប៉ុន្តែជារូបមន្តសម្រាប់ការបន្តនៅទីនោះដោយគ្មានកាលកំណត់”៕































