(ភ្នំពេញ)៖ បណ្ឌិត វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសកម្ពុជាក្រ តែកម្រិតនៃការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ស្ថិតនៅដូចជាមួយកម្រិតប្រទេសអ្នកមានដែរ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាឈ្វេងយល់ អំពីការកសាងក្រមខណ្ឌគោល នយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញាវត្ថុ សាធារណៈសម្រាប់រៀបចំសេចក្ដី ព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ រវាងគណៈកម្មការទី២ នៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តមថ្លែងថា «ពិភពលោកគិតជាមធ្យម អ្នកចាក់វ៉ាក់សាំងបាន១ដូសមាន៣២ភាគរយ ផ្ទុយ ទៅវិញប្រទេសអ្នកក្រទើបបានចាក់១.២ភាគរយទេ ក្រៅពីនោះប្រទេសអ្នកមានល្មម ប្រទេសអ្នក មានគេយកអស់ហើយវ៉ាក់សាំង ប៉ុន្ដែចំណែកកម្ពុជា ប្រទេសក្រ តែកម្ពុជានៅជាមួយប្រទេសអ្នកមាន ចំពោះកម្រិតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩»។
ឯកឧត្តមបញ្ជាក់ថា សម្រាប់សមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជារយៈពេល២ខែ កន្លងមកនេះ កម្ពុជាឡើងមកធម្មតាហើយ ខណៈក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២១ កន្លងទៅ កម្ពុជាជួបការលំបាកខ្លាំង។ បច្ចុប្បន្ននេះកម្ពុជា បានឡើងមកដំណាក់កាលល្អឡើងវិញ ក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងនោះមានការចាក់វ៉ាក់សាំង និងវិធានការចាំបាច់ផ្សេងទៀត។
ឯកឧត្តមថា នៅឆ្នាំ២០២២ខាងមុខ គឺនៅតែមិនប្រាកដប្រជា មិនដឹងថាជំងឺកូវីដ១៩ចប់ពេល ណានោះទេ ព្រោះថា ពិភពលោកនឹងមានសុវត្ថិភាព ទាល់តែប្រទេសទាំងអស់មានសុវត្ថិភាព ដូចជាការចាក់វ៉ាសាំង ឲ្យបានទាំងអស់ទើបអាចបន្ថយនូវការឆ្លង។ សម្រាប់កម្ពុជាវិញបើគ្រប់គ្រងបានល្អ ហើយប្រទេសជិតខាងមានបញ្ហា នោះកម្ពុជាស្រួលនោះដែរ។
លោកបញ្ជាក់បន្តថា ប្រសិនបើសមត្ថភាពនៃគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជាបានល្អ នោះជាគន្លឹះ សម្រាប់ការងើបឡើងនូវសេដ្ឋកិច្ច និងការស្ដារនូវជីវភាពប្រជាជន តាមរយៈការធ្វើការងារ ប្រកប របបឡើងវិញ ពិតជាមានសារៈសំខាន់។
ស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលប្រទេសទីផ្សាររបស់កម្ពុជា មានលក្ខណៈល្អប្រសើរដូចជា ចិន អាមេរិក អឺរ៉ុប និងអង់គ្លេស គឺសុទ្ធតែងើបឡើងវិញទាំងអស់ ហើយជាទីផ្សារនាំចេញរបស់កម្ពុជា ចំណុចខ្លាំងរបស់កម្ពុជា នៅពេលកម្ពុជាងើបឡើងវិញ នោះនឹងបង្កើតឱកាសល្អសម្រាប់វិស័យ ឧស្សាហកម្ម ខណៈដៃគូប្រកួតប្រជែងជាមួយកម្ពុជា ដូចជា ភូមា បង់ក្លាដេស កំពុងតែជាប់ផុងក្នុង ជំងឺកូវីដ១៨ ក៏ដូចជាវិបត្តិនយោបាយ រួមទាំងវៀតណាមផងដែរ៕
































