កាប៊ុល៖ ក្រុមតាលីបង់បានអំពាវនាវទៅក្រុមអាចារ្យអ៊ីស្លាម(អ៊ីម៉ាំ)នៅអាហ្វហ្គានីស្ថានអោយចេញការអំពាវនាវសុំឯកភាពជាតិនៅពេលពួកគេធ្វើការជួបជុំបន់ស្រន់ជាលើកដំបូងនៅថ្ងៃសុក្រនេះចាប់តាំងពីក្រុមអ៊ីស្លាមនេះដណ្តើមកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន ចំពេលផ្ទុះការតវ៉ាប្រឆាំងនឹងការដណ្តើមកាន់កាប់អំណាចរបស់ខ្លួន នៅទីក្រុងជាច្រើនរួមទាំងទីក្រុងកាប៊ុលផងដែរ។
សាក្សីម្នាក់បាននិយាយថា មនុស្សជាច្រើនត្រូវបានសម្លាប់នៅពេលពួកសកម្មប្រយុទ្ធតាលីងបង់បាញ់លើហ្វូងមនុស្សនៅទីក្រុងអាសាដាបាតភាគខាងជើង ។
សាក្សីម្នាក់ទៀត បានរាយការណ៍អំពីការបាញ់កាំភ្លើងនៅជិតការជួបជុំតវ៉ាមួយក្បែរទីក្រុងកាប៊ុល តែទំនងជាការបាញ់ចូលក្នុងអាកាស។
ចំពេលអាហ្វហ្គានីស្ថានប្រារព្វឯករាជ្យភាពរបស់ខ្លួនចេញពីការគ្រប់គ្រងអង់គ្លេសនៅឆ្នាំ១៩១៩ វីដេអូក្នុងបណ្តាញសង្គមមួយបានបង្ហាញហ្វូងមនុស្សប្រុសស្រីគ្រវីទង់ពណ៌ខ្មៅក្រហមនិងបៃតងនៅទីក្រុងកាប៊ុល។ពួកគេស្រែកថា «ទង់ជាតិរបស់យើង អត្តសញ្ញាណរបស់យើង»។
នៅកន្លែងផ្សេងទៀត អ្នកប្រឆាំងតវ៉ាថែមទាំងហែកទង់ពណ៌សរបស់តាលីបង់ថែមទៀត៕
































