
(កំពង់ធំ)÷ ព្រះគ្រូចៅអធិការវត្តពោធិដំណាក់ចែកអំណោយជូនពលរដ្ឋងាយរងគ្រោះចំនួន៩៤គ្រួសារនៅខេត្តកំពង់ធ ព្រះមុន្នីធម្មវេទីឡាំ អិត ព្រះធម្មធរខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តពោធិដំណាក់ បានដឹកនាំរៀបចំពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងហានិភ័យចំនួន ៩៤គ្រួសារ មកពីឃុំចំណាក្រោមស្រុកស្ទោងខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅវត្តពោធិដំណាក់។
ព្រះអង្គបានមានសង្ឃដីការសង្កត់ថា សកម្មភាពមនុស្សធម៌នេះគឺជាការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ដែលស្របតាមយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះអង្គបន្ថែមថាថ្វីដ្បិតតែអំណោយដែលបានចូលរួមចំណែកចែកជូនដល់លោកយាយ លោកតា ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទនៅក្នុងឱកាសនេះមានបរិមាណតិចតួចក្តី ប៉ុន្តែវាជាចំណែកមួយក្នុងការដោះស្រាយបន្ទុកជីវភាពមួយរយៈក្នុងស្ថានភាពជីវភាព និងបរិបទមនុស្សធម៌។
ជាមួយគ្នានេះដែរ ព្រះអង្គក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ញាតិញោមពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ សិស្សគណ និងបណ្តាវត្តក្នុងមណ្ឌល៣ ដែលបានចូលរួមឧបត្ថម្ភជាសម្ភារ ថវិកាបច្ច័យ និងគ្រឿងឧបភោគបរិភោគ រហូតធ្វើឱ្យកម្មវិធីមនុស្សធម៌នេះប្រព្រឹត្តទៅដោយជោគជ័យ។

ជាមួយគ្នានេះប្រជាពលរដ្ឋពុទ្ធបរិស័ទដែលបានទទួលអំណោយនៅក្នុងឱកាសនេះបានថ្លែងអំណរព្រះគុណជាអនេកប្បការដល់ព្រះអង្គគ្រូ ព្រមទាំងពុទ្ធបរិស័ទដែលបានតែងតែគិតគូរយកចិត្តទុកដាក់ព្រមទាំងចែកអំណោយមនុស្សធម៌ជារឿយៗក៏ដូចជាផ្ដល់ជូនគាត់នៅក្នុងឱកាសនេះ បានប្រគេនពរព្រះអង្គគ្រូជួបប្រទះតែពុទ្ធពរទាំង៤ប្រការកុំបីអាក់ខានឡើយ។
សូមបញ្ជាក់ថា អំណោយដែលទទួលបាននៅក្នុងឱកាសនេះក្នុង១នាក់ទទួលបាននូវ÷ អង្ករចំនួនមួយបេ មីមួយកេស គ្រឿងឧបភោគបរិភោគមួយចំនួននិងបច្ច័យចំនួន២៥,០០០រៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង


































