(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសការវាយប្រហារឥតឈប់ឈររបស់ក្រុមហ៊ូទី (Houthi) លើគោលដៅស៊ីវិលក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងព្រមានថា ការរាលដាលនៃជម្លោះជុំវិញពិភពលោកកំពុងបង្កផលប៉ះពាល់ប្រៀបដូចជា «បាតុភូតអែលនីញ៉ូនៃសង្គ្រាម» (El Nino of war) ដែលបង្កើតជារលកវិបត្តិសេដ្ឋកិច្ចវាយប្រហារធ្ងន់ធ្ងរបំផុតលើប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦។

ថ្លែងនៅទីស្នាក់ការកណ្តាល UN មុនធ្វើដំណើរទៅអេហ្ស៊ីបនៅថ្ងៃសុក្រស្អែកនេះ លោក ហ្គូតេរ៉េស បានប្រៀបធៀបការរាលដាលនៃសង្គ្រាមពីមជ្ឈិមបូព៌ា អ៊ុយក្រែន រហូតដល់ស៊ូដង់ ទៅនឹងបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលការប្រែប្រួលនៅតំបន់មួយអាចបំផ្លាញជីវភាពមនុស្សនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ លោកបានគូសបញ្ជាក់ថា៖ «ជម្លោះកំពុងបង្កើតជាជម្លោះបន្តបន្ទាប់ ហើយផលវិបាករបស់វាកំពុងរាលដាលកាន់តែឆ្ងាយ និងកាន់តែលឿន តាមរយៈទីផ្សារថាមពល ផ្លូវនាវាចរណ៍ ខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រព័ន្ធហិរញ្ញវត្ថុ» ដែលជាដើមហេតុជំរុញឱ្យផ្ទុះបាតុកម្មប្រឆាំងនឹងការកើនឡើងថ្លៃចំណាយក្នុងជីវភាពរស់នៅនៅអឺរ៉ុប និងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋក្រីក្រ ស្របពេលតម្លៃអាហារ ប្រេងឥន្ធនៈ និងអត្រាការប្រាក់ហក់ឡើងខ្ពស់។
គួរបញ្ជាក់ថា ការថ្លែងនេះធ្វើឡើងក្រោយពេលក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារលើអាកាសយានដ្ឋានចំនួន ៥ របស់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីថ្ងៃទី៥ ខែតុលាមក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ និងរបួស ៣៦៤នាក់។ ទន្ទឹមគ្នានេះ ប្រមុខ UN ក៏បានរិះគន់ការរឹតត្បិតជំនួយចូលតំបន់ហ្គាហ្សាមុនរដូវរងា និងអំពាវនាវឱ្យម្ចាស់ជំនួយផ្តល់ថវិកាបន្ទាន់ ៤៥០លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលជាទឹកប្រាក់ស្មើនឹងការចំណាយលើយោធាពិភពលោកត្រឹមតែ ៩០នាទីប៉ុណ្ណោះ៕


























