(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ស្ត្រីជាជនភៀសខ្លួនម្នាក់ឈ្មោះ ស៊ីម៉ា (Shima) មានអាយុ ៣០ឆ្នាំ បាននិយាយទាំង អួលដើមក នៅពេលបង្ហាញរូបថតកូនស្រីពីរ ម្នាក់មានអាយុ ៦ឆ្នាំ និងម្នាក់ ទៀតមានអាយុ ១០ឆ្នាំ ក្រោយពីលោកស្រីបានមកដល់ទឹកដីសហរដ្ឋអាមេរិក ខណៈកូនស្រីទាំង ពីរនាក់់នេះ កំពុងស្ថិតនៅ ក្នុងប្រទេសអាហ្វហ្កានីស្ថាននៅឡើយ។
លោកស្រី Shima និងស្វាមីរបស់លោកស្រីឈ្មោះ រ៉ូម៉ល ហៃដឺហ្សាដា (Romal Haiderzada) បានមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុង ដាល់ឡេស (Dulles) ក្នុងរដ្ឋ វ៉ើជីនៀ (Virginia) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) រួមជាមួយក្រុមជនភៀសខ្លួនអាហ្វហ្កានីស្ថាន ជាច្រើននាក់ទៀត។
លោកស្រី Shima បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះថា «កូនស្រីទាំងពីររបស់ខ្ញុំ កំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយខ្ញុំកំពុងនៅសហរដ្ឋអាមេរិក… ខ្ញុំគួរតែស្លាប់ៗ»។ លោក Romal Haiderzada និងលោកស្រី Shima គឺស្ថិតនៅក្នុងចំណោមជនជាតិអាហ្វហ្កានីស្ថាន ដែលទទួលបានទិដ្ឋាការពិសេសក្នុងនាមជាជនភៀសខ្លួន ដែលធ្លាប់ធ្វើការឱ្យកងទ័ពអាមេរិកនៅ អាហ្វហ្កានីស្ថាន។
ពុំមានការបញ្ជាក់ឲ្យច្បាស់លាស់ថា តើមូលហេតុអ្វីបានជាប្តីប្រពន្ធអាហ្វហ្គានីស្ថាន ទាំងពីរនាក់ខាង លើនេះ មកចោលកូនទាំងពីររបស់ខ្លួនបែបនេះឡើយ។ យ៉ាងណាក៏ដោយ ការជម្លៀសមនុស្ស ចេញពីអាហ្វហ្គានីស្ថាន ត្រូវបានធ្វើឡើងយ៉ាងកត់ក្រហល ដែលនេះទំនងជាមូលហេតុចម្បងមួយ នាំឲ្យពួកគេមិនអាចមានឱកាស នាំយកកូនៗមកជាមួយបានទាន់ពេល៕
































