ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានផ្លែមៀន៣.៥តោន ពីសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត តាមរយៈអភិបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន និងតាង៉ែន ចំនួន៣.៥តោន ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីយកមកចែកជូន ដល់កងកម្លាំង ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជាមួយនឹងការទទួលបានផ្លែមៀនចំនួន ៣.៥តោន ឧត្តមសេនីយ៍ឯក ស ថេត សូមគោរពអរគុណ ដល់ទឹកចិត្តសណ្តោសប្រណៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរនិងយកចិត្តទុកដាក់ចាត់តំណាងដេីម្បីចុះប្រមូលទិញផ្លែមៀនដល់ចំការបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងប៉ៃលិន ដែលកំពុងតែជួបបញ្ហាប្រឈម ផ្នែកទីផ្សារ។

ជាមួយនោះដែរ ឧត្តមសេនីយ៍ឯក ស ថេត ក៏គោរពអរគុណដល់ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ដែលបានចូលរួមចំណែកទិញមៀន តាមរយៈក្រុមការងារសម្តេចតេជោ ដើម្បីយក មកចែកជូនដល់កងកម្លាំងចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣.៥តោន។

សូមរំឮកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញ ផ្លែមៀន (តាង៉ែន) ពីប្រជាកសិករចំនួន៣០តោន ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករដែល កំពុងជួបបញ្ហាទីផ្សារ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញ ផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំ ដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុង ធ្វើចត្តាឡីស័ក។

សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យ កសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។

សម្តេចតេជោ ក៏បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និង អភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករ ក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង៕