ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាងថា តាមសំណើ សុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ចំនួន ៧ គម្រោង ដែលមានទឹកប្រាក់សរុបប្រមាណជា ៥២ ,៤ លានដុល្លារ ។
ប្រភពដដែលបានឲ្យដឹងថា គម្រោងទាំងនេះ គឺមាន ទាំងការកែច្នៃលោហៈ ថាមពលអគ្គីសនី ជីវគីមី កសិដ្ឋានចិញ្ចឹមសត្វ និង កែច្នៃលោហៈ ជាដើម ។
ប្រភពដដែលបានបញ្ជាក់ថា គម្រោងទី១ គឺ ETHAN METAL MANUFACTURE CO., LTD លើ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង (ពីវត្ថុធាតុដើមចាស់ៗប្រមូលទិញក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគ ប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥នាក់។
ប្រភពដដែលបានបន្តថា គម្រោងទីពីរ គឺ SOMA ENERGY CO., LTD លើ គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៥៤នាក់។
ប្រភពដដែលបានបន្តថា គម្រោងទី៣ គឺ SCHNEITEC ALTERNATIVE CO., LTD លើ គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅអានុភាព២៣ មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៥លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៤៦នាក់។
ប្រភពដដែលបានបន្តថា គម្រោងទី ៤ គឺ XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD លើ គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺមានទុន វិនិយោគប្រមាណ ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២នាក់។
ប្រភពដដែលបានបន្ថែមថា គម្រោងទី ៥ គឺ SOMA FARM (CAMBODIA) CO., LTD លើ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (មាន់, ទា, ជ្រូក…) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២នាក់។
ប្រភពដដែលបានបន្ថែមថា គម្រោងទី ៦ គឺ CAMBODIAN XING CAN SHI PIN CO., LTDលើ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤នាក់។
ហើយគម្រោងចុងក្រោយ គឺ គម្រោងរបស់ CAMBODIAN A1 STEEL INDUSTRY CO., LTD លើ គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ ១៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៣៧៤នាក់៕
































