ហូជីមិញ៖ ក្រសួងសុខាភិបាលបានអះអាងអំពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០.៣៨៣នាក់នៅ៣៩ទីតាំងកាលពីថ្ងៃចន្ទទី២៣សីហា ដែលធ្វើអោយចំនួនឆ្លងសរុបនៅក្នុងការផ្ទុះកូវីដ១៩នៅរលកទី៤អស់ពេលជិត៤ខែមកនេះឡើងដល់៣៥៤.៣៥៦នាក់។
បីទីតាំងដែលមានការឆ្លងច្រើនជាងគេ គឺក្រុងហូជីមិញ ចំនួន៤.២៥២នាក់ ខេត្តប៊ិញយឿងក្បែរខាងចំនួន៣.១៨៣នាក់ និងខេត្តដុងណាយភាគខាងត្បូងចំនួន៦២៣នាក់។
កាលពីថ្ងៃចន្ទ វៀតណាមក៏មានអ្នកជំងឺកូវីដ១៩ស្លាប់ច្រើនមិនធម្មតា គឺ៣៨៩នាក់ ដែលធ្វើអោយចំនួនមនុស្សស្លាប់សរុបដោយជំងឺនេះឡើងដល់៨.៦៦៦នាក់។
ទីក្រុងហូជីមិញភាគខាងត្បូង ដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩បច្ចុប្បន្ន មានអ្នកឆ្លងសរុប១៨០.២៤៥នាក់ និង៦.៨៧៨នាក់បានស្លាប់។ទីក្រុងពាណិជ្ជកម្មនេះបានចាប់ផ្តើមរឹតបន្តឹងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ១៩កាលពីថ្ងៃចន្ទដោយតំរូវអោយប្រជាជនក្នុងក្រុងនៅក្នុងផ្ទះ នៅក្នុងក្រុមហ៊ុនឬរោងចក្រគឺអ្នកនៅកន្លែងណានៅកន្លែងណឹងដោយមិនត្រូវចេញពីកន្លែងស្នាក់នៅរបស់ខ្លួនក្នុងករណីមិនចាំបាច់ទេ ក្នុងបំណងកាត់បន្ថយការឆ្លងជាអតិបរមា ដោយសារទីក្រុងនេះបានអនុវត្តវិធានការរឹតបន្តឹងជាបន្តបន្ទាប់ជាង៣ខែមកហើយតែមិនទទួលបានផលល្អ។
ជាលទ្ធផល គ្រប់ដងវិថីនៅក្នុងទីក្រុងហូជីមិញ ស្ងាត់ជ្រងំកាលពីថ្ងៃចន្ទ ដែលជាថ្ងៃអនុវត្តបទបញ្ជាគម្លាតសង្គមថ្មី ដោយគេឃើញតែកុងត្រូលសំរាប់ត្រួតពិនិត្យអ្នកធ្វើដំណើរប៉ុណ្ណោះ។ ទាហាននិងប៉ូលិសត្រូវបានបញ្ជូនមកពីផ្នែកផ្សេងៗនៃប្រទេសដើម្បីសហការជាមួយកងកម្លាំងមានស្រាប់ក្នុងការចាប់បង្ខំអោយប្រជាជនក្នុងក្រុងអនុវត្តវិធានការថ្មីនិងជួយការងាររបស់អាជ្ញាធរមូលដ្ឋាន រួមមានការដឹកជញ្ជូនស្បៀងទៅចែកអោយប្រជាជន ដែលត្រូវបង្ខាំងនៅតាមផ្ទះ។
ពាក់ព័ន្ធនឹងកូវីដ១៩នៅហូជីមិញនេះដែរ អតីតប្រធានក្រុងហូជីមិញ លោក ង្វៀន ថាញ់ ហ្វុង ត្រូវបានផ្ទេរទៅអោយទៅធ្វើជាអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម ដោយទំនងជាការដោះស្រាយកូវីដ១៩នៅក្នុងទីក្រុងនេះមិនបានល្អ៕
































