អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស បានប្រកាសថាសហរដ្ឋអាម៉េរិកនឹងផ្តល់វ៉ាក់សាំងការពារមេរោគកូរ៉ូណាចំនួនមួយលានបន្ថែមទៀតដល់ប្រទេសវៀតណាម។
ចំណាត់ការនេះនឹងផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសដែលកំពុងប្រឈមមុខនឹងការកើនឡើងករណីឆ្លងថ្មីៗនិងអត្រាចាក់វ៉ាក់សាំងទាបបំផុត។
បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោកផាម មិញឆិញ លោកស្រីហារីសនិយាយនិយាយថាដូសទាំងនេះនឹងចាប់ផ្តើមដឹកមកដល់ក្នុងរយៈពេល ២៤ ម៉ោងខាងមុខ។វានឹងនាំឱ្យការបរិច្ចាគវ៉ាក់សាំងសរុបពីអាម៉េរិកដល់វៀតណាមកើនដល់ប្រាំមួយលានដូស។
ជំនួយថ្មីនេះគឺជាផ្នែកមួយនៃសេចក្តីប្រកាសជាច្រើនហូរហែស្តីពីភាពជាដៃគូថ្មីនិងការគាំទ្រសម្រាប់វៀតណាម ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់លោកស្រីហារីសមកកាន់ប្រទេសនេះ ដែលជាផ្នែកមួយនៃបេសកកម្មការទូតរយៈពេលមួយសប្តាហ៍មកកាន់តំបន់អាស៊ីអាគ្នេយ៍។
ដំណើរនេះដែលរួមបញ្ចូលទាំងដំណើរទៅកាន់ប្រទេសសិង្ហបុរីកាលពីដើមសប្តាហ៍នេះផងដែរនោះមានគោលបំណងពង្រឹងទំនាក់ទំនងអាម៉េរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីទប់ទល់ឥទ្ធិពលចិននៅទីនោះ។
ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីវៀតណាមង្វៀន សួនហ្វ៊ុក លោកស្រីហារីសក៏បានសម្តែងការគាំទ្រផងដែរចំពោះការបញ្ជូននាវាល្បាតរបស់ឆ្មាំសមុទ្រអាម៉េរិកបន្ថែមមួយគ្រឿងទៀតដល់វៀតណាមដើម្បីជួយការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូងនិងបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការលុកលុយរបស់ទីក្រុងប៉េកាំងនៅក្នុងផ្លូវទឹកជម្លោះនៅសមុទ្រចិនខាងត្បូង។
លោកស្រីហារីសបាននិយាយថា “និយាយតាមត្រង់យើងត្រូវរកវិធីដាក់សម្ពាធនិងបង្កើនសម្ពាធទៅលើទីក្រុងប៉េកាំងឱ្យគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនិងប្រឆាំងជំទាស់នឹងការសម្លុតកំហែងនិងការទាមទារដែនសមុទ្រច្រើនហួសហេតុពេករបស់ចិន”។
លោកស្រីបានបន្ថែមថា សហរដ្ឋអាម៉េរិកនឹង “រក្សាវត្តមានរឹងមាំនៅសមុទ្រចិនខាងត្បូង” ដើម្បីប្រជែងជាមួយចិន៕
































