រដ្ឋមន្ត្រីពាណិជ្ជកម្មបានលើកឡើងថា កម្ពុជា ទាញបានប្រយោជន៍ច្រើន ពីគម្រោងខ្សែក្រវាត់ និងផ្លូវ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា បានទទួល នូវអត្ថប្រយោជន៍ជាច្រើនពីគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលនឹងរួមចំណែកជំរុញការអភិវឌ្ឍរបស់ កម្ពុជាកាន់តែខ្លាំងនាពេលខាងមុខ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងបែបនេះ ក្នុងពេលចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចប្រជុំ កំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទី៦ ក្រោមប្រធានបទការលើកកម្ពស់កិច្ចសហប្រតិបត្តិ ការពហុភាគី។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទី៦ ត្រូវបានដឹកនាំដោយលោក Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ចអភិវឌ្ឍន៍ នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន និងមានការ ចូលរួមជាវាគ្មិនកិត្តិយសពី ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រី ពាណិជ្ជកម្មមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូមួយចំនួនទៀត។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមគំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ របស់ចិន ជាមួយប្រទេសជាដៃគូ រួមមានអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដៃគូពាណិជ្ជកម្មដទៃទៀត ក្នុងបរិបទទ្វេភាគី តំបន់ និងពហុភាគី។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន និងកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ១៩ និងក្រោយវិបត្តិនេះ។ ជាពិសេសការធានាឱ្យបាននូវលំហូរនៃទំនិញចាំបាច់ សម្ភារ បរិក្ខារសុខាភិបាល និងស្បៀង អាហារ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាង កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាច្រើនទៀត ក្រោមក្របខ័ណ្ឌអាស៊ាន។ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកិច្ចព្រមព្រៀង ទាំងនេះ នឹងជួយកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ សម្រាប់ពាណិជ្ជកម្ម ទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើក កម្ពស់បរិស្ថានសម្រាប់ការវិនិយោគ ភាពធន់នៃខ្សែច្រ វាក់ផ្គត់ផ្គង់ និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មក៏បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់ រដ្ឋមន្ត្រី អង្គការ WTO លើកទី១២ (MC12) នាពេលខាងមុខផងដែរ។

ពាក់ព័ន្ធនឹងគម្រោងខ្សែក្រវាត់ និងផ្លូវនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងទទួលបានផលប្រយោជន៍ជាច្រើនពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលចូលរួម ចំណែកក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ។ ជាពិសេសរចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន រួមមានស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងទន្លេជាដើម។

«ការអភិវឌ្ឍទាំងនេះ នឹងឈានទៅដល់ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែង របស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងការលុប បំបាត់ភាពក្រីក្រ»។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ពីការប្តេជ្ញារបស់កម្ពុជា ក្នុងការបន្តកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង និងបណ្តាប្រទេសជាដៃគូ ពាណិជ្ជកម្មទាំងក្នុងតំបន់ និងលើពិភពលោក ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕