ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៨ចំណុច ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ៨ចំណុច ដើម្បីបន្តចូល រួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញា ២០២១ ដែលបណ្តាញព័ត៌មានទទួលបាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្ម នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សម្តេចសូមអំពាវនាវដូចតទៅ៖

* ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និង យន្តការចាំបាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាព និងគុណភាព ធានាបាននូវការ សិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាព ក៏ដូចជាការស្តារឡើងវិញសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩។

* ទី២៖ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវ បន្តបង្កើតកម្មវិធី អប់រំកម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកបច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែសម្បូរបែប ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា។

* ទី៣៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែល មិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី ជាពិសេសត្រូវ ខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការ សិក្សារៀនសូត្រ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

* ទី៤៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំ ទូលាយនូវរាល់កម្មវិធីអក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែទូលំទូលាយ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញមួយជីវិត»។

* ទី៥៖ ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន យុវជនសហភាព សហព័ន្ធយុវជនកម្ពុជា យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវសកម្មចូលរួមជួយ បង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុងមូលដ្ឋានរបស់ក្មួយៗរស់នៅ។ បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយជំរុញកូនចៅឱ្យរៀនសូត្រ បានជាប់លាប់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

* ទី៦៖ វត្តអារាម និងវិហារសាសនា នានា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូល រួមជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំអំពីសារៈ ប្រយោជន៍នៃការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល។

* ទី៧៖ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូជា មួយគ្រឹះស្ថានរដ្ឋ ដើម្បីជួយឧបត្ថម្ភគាំទ្រទាំងធនធាន ទាំងបច្ចេកទេស ដល់គ្រប់កម្មវិធីអប់រំ ជា ពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រវិជ្ជាជីវៈ ឱ្យមានដំណើរការល្អជាប់ជាប្រចាំ។

* ៨៖ ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញបើកថ្នាក់អក្ខរកម្ម គួបផ្សំ ជាមួយថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ ពួកគេផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយយើងទាំងអស់គ្នាត្រូវចង ចាំថា «មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ», «មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍ សហគមន៍កាន់តែរីកចម្រើន», «មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម»៕