(ឡាហាវ៉ាន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អោយដឹងថា ប្រទេសគុយបា នៅថ្ងៃចន្ទសប្ដាហ៍នេះបានក្លាយជា ប្រទេសដំបូងគេនៅក្នុងពិភពលោក ដែលចាក់វ៉ាក់សាំងបង្ការ COVID-19 លើកុមារមានអាយុចាប់ពី ២ឆ្នាំ ឡើងទៅ ដោយប្រើប្រាស់វ៉ាក់សាំងផលិតនៅក្នុងស្រុក ដែលមិនទាន់ត្រូវបានទទួលស្គាល់ ដោយអង្គការ WHO នៅឡើយទេ។
ការចាក់វ៉ាក់សាំងខាងលើធ្វើឡើង នៅក្រោមផែនការដែល រដ្ឋាភិបាលគុយបា ចង់ចាក់វ៉ាក់សាំងជូនកុមារគុយបាទាំងអស់ ឱ្យបានមុនការបើកសាលារៀនឡើង វិញ ក្រោយបិទទ្វារចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។
អាជ្ញាធរសុខាភិបាលគុយបា បានចាប់ផ្ដើម យុទ្ធនាការចាក់វ៉ាក់សាំងបង្ការដោយប្រើប្រាស់វ៉ាក់សាំង COVID-19 ផលិតនៅក្នុងស្រុករបស់ខ្លួន ឈ្មោះ Abdala និង Soberana កាលពីថ្ងៃសុក្រសប្ដាហ៍មុន លើកុមារមានអាយុចាប់ពី ១២ឆ្នាំឡើង ទៅ។ ដោយឡែក នៅថ្ងៃចន្ទសប្ដាហ៍នេះ គុយបាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង លើកុមារ មានអាយុចាប់ពី ២ឆ្នាំ ដល់១១ឆ្នាំ នៅក្នុងខេត្ត Cienfuegos៕
































