(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោស ការស្នើពីសំណាក់សហរដ្ឋអាមេរិក ឲ្យរៀបចំកិច្ចចរចាឡើងវិញនោះថាជារឿង «ក្លែងក្លាយ» ដើម្បី បំភ័ន្តភ្នែកសហគមន៍អន្តរជាតិ ពីនយោបាយអរិយភាពរបស់ខ្លួនតែប៉ុណ្ណោះ។
លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនៅឯសម័យប្រជុំលើកទី ៥ នៃសភាកំពូលប្រជាជន កូរ៉េខាងជើងនីតិកាលទី ១៤ ដែលឈានចូលថ្ងៃទី២ហើយ សម្រាប់ថ្ងៃព្រហស្បតិ៍នេះ។ សម័យប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណងពិភាក្សាពីនយោបាយ, សេដ្ឋកិច្ច និងរបៀបវារៈសំខាន់ របស់ប្រទេស។
នៅក្នុងឱកាសនោះ លោក គីម បានបញ្ជាក់ថា «សហរដ្ឋអាមេរិកនៅតែបន្តលើកឡើង ម្ដងហើយម្ដង ទៀតពីនយោបាយការទូត និងការរៀបចំកិច្ចចរចាដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែនេះគ្រាន់តែជាលេសបិទបាំងសហគមន៍អន្តរជាតិ ពីនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាង ជើងតែប៉ុណ្ណោះ»។
តែទោះជាយ៉ាងនេះក្ដី បើតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បាននិយាយថា ខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូង អាចនឹងត្រូវស្ដារឡើងនៅខែតុលាខាងមុខនេះ ក្នុង ចេតនាសម្រេចឱ្យបាននូវបំណងប្រាថ្នា របស់ប្រជាជាតិកូរ៉េទាំងមូល ដែលចង់បានសន្តិភាពជាដរាប នៅលើឧបទ្វីបកូរ៉េ៕

































