(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើក ឡើងថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សា សន្តិភាពដែលទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការសង្គ្រោះ ប្រជាពលរដ្ឋក្នុងគ្រាអាសន្ននានា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ជាក់ស្ដែង កងទ័ពបានចូលរួមជាកម្លាំងស្នូល និង ព្យាយាមអស់កម្លាំងកាយចិត្ត ដើម្បីសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់កាលពីពេលថ្មីៗកន្លងទៅ។
ការលើកឡើងបែបនេះ របស់សម្តេចរដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់កងយោ ធពលខេមរភូមិបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខណ្ឌ និងបន្តចាក់ជូន ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗទៀត។
បន្ថែមពីជាពិសេសនៅក្នុងដំណាក់កាលកម្ពុជា កំពុងតែជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ស្របពេលនៅតាមបណ្តាខេត្តមួយចំនួននៅជាប់ព្រំដែនកម្ពុជា-ថៃ កំពុងតែរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងគឺកម្លាំងកងទ័ពចេញប្រតិបត្តិការចូលរួមយ៉ាងសកម្មជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋដែលត្រូវទឹកលិចលង់ ទៅទីទួលមានសុវត្ថិភាព ជាមួយនឹងកម្លាំងចម្រុះនានា ជាដើម។
តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលយើងទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបាន ចូលរួមយ៉ាងសកម្មក្នុងការសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើងក្នុងគ្រាអាសន្ននានា។ ជាក់ស្ដែង កងទ័ព បានចូលរួមជាកម្លាំងស្នូល និងព្យាយាមអស់កម្លាំងកាយចិត្ត ដើម្បីសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់ កាលពីពេលថ្មីៗកន្លងទៅ»។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ បាននិងកំពុងរង់ការជន់លិចយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ និងប៉ះពាល់ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ប្រមាណ ១,១៥០គ្រួសារ។ ខណៈកងទ័ពក៏បានត្រៀមអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង គ្រប់ បណ្តាគោលដៅឈរជើងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ។
ជាពិសេសកងទ័ពបានត្រៀមសម្ភារសង្គ្រោះផ្សេងៗផងដែរ បើក្នុងករណីមានការជន់លិចខ្លាំង ហើយ អាជ្ញាធរស្នើសុំអន្តរាគមន៍ គឺកងកម្លាំងនឹងចេញប្រតិបត្តិការភ្លាមៗតែម្តង។ បើទោះបីមានការលំបាក ឬនឿយហត់យ៉ាងណា ក៏មិនរាថយឡើយ ស្មារតីរបស់កងទ័ពតែងផ្សារភ្ជាប់ជានិច្ចជាមួយបុព្វហេតុ ប្រជាជន និងសង្គមជាតិ គ្រប់កាលៈទេសៈ និងគ្រប់ការលំបាកទាំងឡាយ៕

































