ឯកឧត្តម អ៊ាង សុផល្លែត លើកទឹកចិត្តឱ្យគណៈគ្រប់គ្រងសាលា និងអ្នកពាក់ព័ន្ធបន្តប្រតិបត្តិ សកម្មភាព មេត្រីបរិស្ថាន នៅតាមសាលារៀន និងសហគមន៍


 (ត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យគណៈគ្រប់ គ្រងសាលា និងអ្នកពាក់ព័ន្ធបន្តប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាននៅតាមសាលារៀន និងសហគមន៍ ដើម្បីធ្វើឱ្យសហគមន៍មានអនាម័យ និង សោភ័ណភាពល្អ មានបរិស្ថានល្អ និងសុខភាពល្អ។

ថ្លែងនៅក្នុងពិធី ប្រគល់បណ្ណជ័យលាភីសាលាមេត្រីបរិស្ថានជ័យលាភីសំរិទ្ធ ឆ្នាំ២០២១ ជូនសាលា បឋមសិក្សាឈើខ្លឹម ភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាប់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ ម្សិលមិញ ឯកឧត្តម អ៊ាង សុផល្លែត បានលកឡើងពីគោលនយោបាយរបស់រាជរដ្ឋា ភិបាល ជាពិសេសក្រសួងបរិស្ថានដែលបានកំពុងអនុវត្តវត្តផែនការសកម្មភាពលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការស់នៅដោយចីរភាព។

«សាលាមេត្រីបរិស្ថានដើរតួនាទីសំខាន់ក្នុងការជំរុញឲ្យសហគមន៍មានការចូលរួមរៀបចំអនាម័យបរិស្ថាននៅតាមមូលដ្ឋាន និងស្មារតីការពារនិងអភិរក្សធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព»។ នេះគឺជាការលើកឡើងបន្ថែមរបស់លោក អ៊ាង សុផល្លែត។

អនុលោមតាមក្របខណ្ឌការងារអាស៊ាន ស្តីពីសាលាមេត្រីបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ ចំនួន០៤ រួមមានទី១៖ មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន, ទី២៖ មានការបង្រៀន មេរៀនបរិស្ថាន និងសកម្មភាពអប់រំបរិស្ថាន, ទី៣៖ មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន និងទី៤៖ មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាម សហគមន៍ និងមានសូចនាករវាស់វែងចំនួន១៨។

បើតាមលោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានបញ្ជាក់ ថា កម្មវិធីប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិរៀបចំភឡើងនៅរៀងរាល់០២ឆ្នាំម្តង ហើយគិតមកទល់បច្ចុប្បន្នក្រសួងបានរៀបចំការប្រឡងប្រណាំងនេះបានចំនួន០៣លើករួចមកហើយ។

លោកបានបន្ថែមថា ឆ្នាំ២០២១នេះ មានសាលាចំនួន៤៨ បានដាក់ពាក្យចូលរួម ហើយបន្ទាប់ពីវាយ តម្លៃ មានសាលាចំនួន០៦ទៀត បានជាប់ចំណាត់ថ្នាក់ជាសាលាមេត្រីបរិស្ថានជាតិលើកទី៣ រួម មាន៖ សាលាបឋមសិក្សាចំនួន៣ រួមមានទី១៖ សាលាបឋមសិក្សាវត្តចែង ភូមិវត្តចែង សង្កាត់អូរ ដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ជ័យលាភីមាស, ទី២៖ សាលាបឋមសិក្សា ហ៊ុន សែនក្រុង ភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាបជាប់ជ័យលាភីប្រាក់ និងទី៣៖ សាលាបឋម សិក្សាឈើខ្លឹមភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាប់ជ័យលាភីសំរិទ្ធ។

វិទ្យាល័យចំនួន ៣ រួមមានទី១៖ វិទ្យាល័យ ហ៊ុន សែន មិត្តភាពភូមិ៥ សង្កាត់៤ ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ជាប់ជ័យលាភីកមាស, ទី២៖ វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ជាប់ជ័យលាភីប្រាក់ និងទី៣៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តពំពង់ឆ្នាំង ជាប់ជ័យលាភីសំរិទ្ធ៕