ប្រទេសអូស្រ្តាលី ទន្ទឹងរង់ចាំគាំទ្រកម្ពុជានៅពេលធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២


 (ភ្នំពេញ)៖ លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារី អូស្រ្ដាលី បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលី ទន្ទឹងរង់ចាំគាំទ្រកម្ពុជានៅពេលដែលកម្ពុជាធ្វើជា ប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកស្រីរដ្ឋមន្រ្តីការបរទេស នៅលើ Facebook នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗ នេះ ជាមួយនឹងការលើកឡើងអំពីជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី០៨ ខែតុលា រវាងលោកស្រី ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិនៃកម្ពុជា។

លោកស្រី ម៉ារីស ផេន បានលើកឡងថា ប្រទេសកម្ពុជាគឺ ជាដៃគូក្នុងតំបន់ដ៏សំខាន់របស់អូស្ត្រាលី ហើយយើងមានចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយូរអង្វែង។ នៅឆ្នាំ២០២២ ប្រទេសទាំងពីរ នឹងប្រារព្ធខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូត។

« អូស្រ្តាលី ទន្ទឹងរង់ចាំគាំទ្រកម្ពុជានៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ អាស៊ានគឺជាចំណុចស្នូលនៃចក្ខុវិស័យរបស់យើងក្ន្ងងការធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានស្ថិរភាព និងវិបុលភាព»។ នេះជាការបញ្ជាក់របស់ លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។

ទន្ទឹមនឹងនេះ លោកស្រី បានគូសបញ្ជាក់ផងដែរ អំពីខ្លឹមសារជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជំនួបនេះបានជជែកអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តរបស់យើងក្នុង ការគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមទាំងតាមរយៈភាពជាដៃគូមេគង្គ-អូស្រ្តាលី។  «យើងក៏បានពិភាក្សាអំពីស្ថានភាពនៅមីយ៉ាន់ម៉ា និងបញ្ហាប្រឈមក្នុងតំបន់ផ្សេងទៀត»

បើតាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងជំនួបកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅនោះ ភាគីទាំងពីរ បានពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS»ផងដែរ៕