(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២ ០២១ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ដែលជាកិច្ចប្រជុំស្ថិតនៅ ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) ព្រមទាំងមេដឹកនាំអាស៊ានដទៃទៀត តែមិនមានតំណាងមកពីមីយ៉ាន់ម៉ានោះឡើយ។
ឯកឧត្តម បណ្ឌឹត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងកិចប្រជុំនេះ ប្រមុខ រដ្ឋាភិបាលអាស៊ាន-ជប៉ុន បានកត់សម្គាល់លើឯកសារចំនួនពីររួមមាន៖ ទី១៖ របាយការណ៍ វឌ្ឍន ភាពស្តីពីការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិ ការអាស៊ាន-ជប៉ុន, ទី២៖ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តសេចក្តីប្រកាសរួមស្តីពីកិច្ចសហ ប្រតិបត្តិការអាស៊ានជប៉ុន លើចក្ខុវិស័យអាស៊ាន ស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិក។
ជប៉ុនជាដៃគូសន្ទនាដ៏ចំណាស់មួយរបស់អាស៊ាន ដែលមកដល់ឆ្នាំនេះ មានរយៈពេល៤៨ឆ្នាំ ហើយ។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពតាមសំណើរបស់ភាគីជប៉ុន រៀបចំកិច្ចប្រជុំកំពូលពិសេសមួយនៅឆ្នាំ២០២៣ ត្រូវនឹងខួបលើកទី៥០ឆ្នាំ នៃការបង្កើតនូវការ បង្កើតដៃគូសន្ទនាអាស៊ាន-ជប៉ុន។
ឯកឧត្តម បណ្ឌឹត កៅ កៅ គឹមហួន បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាលអាស៊ាន បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសន្ធឹកសន្ធាប់សម្រាប់ការអភិវឌ្ឍ ប្រទេសតំបន់អាស៊ាន ជាពិសេសការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅអាស៊ាន និងទៅ ប្រទេសសមាជិកអាស៊ាន។ ប្រមុខដឹកនាំអាស៊ាន ក៏បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានប្រកាសផ្តល់វិភាគទាននូវថវិកា ៥០លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះ អាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ។
ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានប្រកាសស្វាគមន៍ជប៉ុន ចំពោះការប្រកាសផ្តល់កម្ចី ២៥០ពាន់ លានដុល្លារ ព្រមទាំងការឆ្លើយតបនឹងគ្រោះមហន្តរាយនៃជំងឺកូវីដ១៩ និងបានស្វាគមន៍ចំពោះ ការផ្តល់ជំនួយសរុបជាទឹកប្រាក់ប្រមាណ ២០០លានដុល្លារ ជាគ្រឿងបរិក្ខារពេទ្យ ឧបករណ៍ និងបច្ចេកទេសផ្សេងៗសម្រាប់អាស៊ាន។
ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាល បានស្នើជប៉ុនជួយកសាងសហគមន៍អាស៊ាន ជាពិសេសផែនការ មេ នៃការតភ្ជាប់របស់អាស៊ានឆ្នាំ២០២៥ និងជួយដល់ការធ្វើសមាហរណកម្មអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្នើជប៉ុនជួយកាត់បន្ថយគម្លាតការអភិវឌ្ឍប្រទេសសមាជិកអាស៊ាន និងជួយដល់ប្រទេសតំបន់មេគង្គ។
ប្រមុខរដ្ឋាភិបាលអាស៊ាន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងស្នើបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែប្រសើរ។ ជាពិសេសពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យឌីជីថល វិស័យសេដ្ឋកិច្ច វិស័យសង្គម វប្បធម៌ សន្តិសុខ និងវិស័យផ្សេងៗទៀត។
ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា ជប៉ុននឹងបន្តគាំទ្រដល់តួនាទីស្នូល របស់អាស៊ាននៅក្នុងតំបន់ ហើយជប៉ុន នឹងបន្តគាំទ្ររាល់គម្រោងទាំងឡាយរបស់អាស៊ាន។ ជាចុងក្រោយប្រមុខរដ្ឋាភិបាលជប៉ុន និងអាស៊ាន បានពិភាក្សាទៅលើបញ្ហាតំបន់ដូចជាសមុទ្រ ចិនខាងត្បូង មីយាន់ម៉ា និងឧបទ្វីបកូរ៉េជាដើម៕

































