(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនអាវុធជាតិផ្ទុះ និងអគ្គិភ័យ និងលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែវិចិ្ឆកា។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួម ពីលោកនាយរងការិយាល័យនិងប្រធានគោលដៅទាំងអស់ចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។
នៅក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានថ្លែងថា លោកឧត្តមសេនីយ៍ ស្នងការ បានថ្លែងកោតសរសើរដល់កងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាមិនថាយប់ថ្ងៃនោះឡើយ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា មន្ត្រីពន្លត់អគ្គិភ័យទាំងអស់ត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងត្រូវចេះប្រើពាក្យសំដីសមរម្យដាក់ប្រជាពលរដ្ឋ មិនត្រូវប្រើប្រាស់សំដីមិនគប្បីដាក់ប្រជាពលរដ្ឋ ក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះនោះឡើយ។
លោកឧត្តមសេនីយ៍ទោ ក៏បានក្រើនរំលឹកដល់លោកនាយការិយាល័យ នាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការចុះប្រតិបត្តិការជួយ សង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើង។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានផ្ដាំផ្ញើដល់លោកនាយការិយាល័យ នាយរងការិយា ល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រមិនត្រូវប្រើ ពាក្យ សម្ដីមិនសមរម្យ ឬគប្បីលើប្រជាពលរដ្ឋនោះឡើយ ដើម្បីបំពេញតួនាទីជាមន្ត្រីពន្លត់អគ្គិភ័យម្នាក់ ដ៏ល្អ។
នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែវិចិ្ឆកា លោកឧត្តម សេនីយ៍ទោ ឈាង ផាន់ណារ៉ា បានថ្លែងប្រាប់ថា កម្លាំងជំនាញពន្លត់អគ្គិភ័យ ត្រូវតែអនុវត្តការងារ ឲ្យបានល្អ ជាពិសេសទៅទៀតនោះ គឺកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យរបស់យើងជាគំរូសម្រាប់ តាមបណ្តារាជធានីខេត្ត ដែលត្រូវបានអនុវត្តតាម។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ ក៏បានចាត់ឱ្យលោកនាយការិយាល័យ-នាយរងការិយាល័យ និងប្រធានគោលដៅបែងចែកឲ្យមន្ត្រីជំនាញទាំងអស់ត្រូវរៀនបំពាក់បំពង់ខ្យល់អុកស៊ីសែនដែលហៅថា SCVA ក្នុងប្រតិបត្តិការជួយសង្គ្រោះនៅពេលដែលមានហេតុការណ៍ចាំបាច់បំផុត៕

































