ក្រសួងអប់រំ ច្រានចោលលិខិតក្លែងក្លាយដែលផ្សព្វផ្សាយថា សិស្សប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម កំណត់ឲ្យ «ជាប់ជាស្ថាពរ»

 (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈ បណ្តាញព័ត៌មានក្នុងស្រុកមួយបានចេញមកច្រានចោលចំពោះលិខិតក្លែងក្លាយ ដែលត្រូវបាន ផ្សព្វផ្សាយតៗគ្នាថា ក្រសួងសម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «លិខិតដែលផ្សព្វផ្សាយអំពី ការជាប់ជាស្ថាពរ របស់បេក្ខជននោះ គឺជាលិខិតក្លែងក្លាយ ក្រសួងអប់រំ សូមច្រានចោលលិខិតក្លែង ក្លាយនោះ»

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។

លោក រស់ សុវាចា បានបញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡា សូមលើក ទឹកចិត្តសិស្សានុ សិស្ស និងបេក្ខជនប្រឡងទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រពីចម្ងាយ និងតាមអនឡាញ ទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ ដោយបន្តថែទាំសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជា និងពិភពលោក នៅកំពុងប្រឈមជាមួយនឹងកូវីដ-១៩ នៅឡើយ។ ក្នុងន័យនេះក្រសួងអប់រំ យុវជន និង កីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡង ដើម្បីឆ្លើយតបនឹងតម្រូវការ សិក្សាក្នុងបរិបទកូវីដ-១៩។

ធនធានអប់រំឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា៖
១- កម្មវិធីទូរសព្ទដៃ MoEYS E-Learning
២- បណ្ដាញ YouTube ផ្លូវការរបស់ក្រសួង៖ www.youtube.com/moeyscambodia
៣- គេហទំព័រគ្រូរបស់ក្រសួង៖ www.krou.moeys.gov.kh
៤- ទំព័រហ្វេសប៊ុកគ្រូរបស់ក្រសួង៖ www.facebook.com/krou.moeys.gov.kh
៥- មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិករបស់ក្រសួង៖ www.elearning.moeys.gov.kh៕