អូស្ត្រាលីប្រកាសទទួលស្គាល់វ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN

 (កង់បេរ៉ា)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានអូស្ត្រាលី ABC នៅរសៀលថ្ងៃចន្ទ បានប្រាប់អោយដឹងថា ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាស ទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិនឈ្មោះ Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN ដើម្បីត្រួសត្រាយផ្លូវ ទទួលអ្នកដំណើរមកពីអន្តរជាតិឡើងវិញ ដែលនឹងកើតឡើងនៅ ប៉ុន្មានខែខាងមុខទៀត ខណៈនៅក្នុងខែវិច្ឆិកានេះ គឺជាពេលដែលប្រជាជនអូស្ត្រាលី ដែលបានចាក់ វ៉ាក់សាំងពេញលេញរួចរាល់ អាចចាកចេញទៅក្រៅប្រទេសបានឡើងវិញ។

ការចុះបញ្ជីខាងលើនេះ ត្រូវបានទទួលស្គាល់ដោយ រដ្ឋបាលទំនិញវេជ្ជសាស្ត្រនៃប្រទេសអូស្ត្រាលី (TGA)។ គិតមកទល់ពេលនេះ អូស្ត្រាលីបានទទួលស្គាល់វ៉ាក់សាំងចិនចំនួន ២ ហើយនោះគឺ Sinovac និង Sinopharm។ TGA បានឲ្យដឹងទៀតថា ការសម្រេចចិត្តនេះ នឹងជួយសម្រួលដល់ ការវិលត្រឡប់របស់និស្សិតអន្តរជាតិ ដែលបានទទួលថ្នាំបង្ការផ្សេងៗគ្នា មកកាន់ប្រទេសអូស្ត្រាលី វិញ។ បន្ថែមពីនេះ ទាំងកម្មករជំនាញ និងមិនជំនាញ ក៏នឹងងាយធ្វើដំណើរមកកាន់ប្រទេសដីកោះ នេះផងដែរ៕