សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹក និងណែនាំបន្ថែមឱ្យពិនិត្យពិច័យ និងយកចិត្តទុកដាក់ខ្ពស់លើការផលិតបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពាក់ព័ន្ធអត្តសញ្ញាណ របស់អ្នកចាក់ ជាពិសេសឈ្មោះជាភាសាអង់គ្លេស គឺឱ្យត្រូវគ្នានឹងលិខិតឆ្លងដែន ឬអត្តសញ្ញាណ បណ្ណជាដើម។
ការក្រើនរំលឹកបែបនេះ ព្រោះតែសម្តេចតេជោ បារម្ភខ្លាចការដាក់ឈ្មោះជាភាសាអង់គ្លេស លើ បណ្ណចាក់វ៉ាក់សាំង ខុសពីឈ្មោះលើលិខិតឆ្លងដែន នាំឱ្យលំបាកក្នុងការធ្វើដំណើរចេញទៅ ក្រៅ ប្រទេស។
តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា នេះ សម្តេចតេជោ បានអំពាវ នាវយ៉ាងដូច្នេះ «ខ្ញុំសូមយកឱកាសនេះជម្រាបជូនក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាក្រសួងការពារជាតិ សម្រាប់ផ្នែកចាក់វ៉ាក់សាំង ខិតខំធ្វើកាត់ចាក់វ៉ាក់ សាំងនេះ ហើយដាក់ឈ្មោះនេះឱ្យបានត្រឹមត្រូវ»។
សម្តេចតេជោបន្តថា «ជាពិសេសក្នុងផ្នែកភាសាអង់គ្លេស ព្រោះថាប្រជាពលរដ្ឋរបស់យើង មន្ត្រីរបស់ យើងមានការចាំបាច់ក្នុងការធ្វើដំណើរទៅក្រៅប្រទេស។ ក្នុងករណីដាក់ឈ្មោះជាភាសាអង់គ្លេស មិនបានត្រឹមត្រូវស្របទៅតាមឈ្មោះដែលមានក្នុងលិខិតឆ្លងដែន គឺមិនអាចធ្វើដំណើរចេញទៅ ក្រៅប្រទេសបានទេ។ សូមយកចិត្តទុកដាក់ទៅលើការដាក់ឈ្មោះឱ្យបានត្រឹមត្រូវទាំងជាភាសាខ្មែរ និងទាំងជាភាសាអង់គ្លេស សម្រាប់ការប្រើប្រាស់ក្នុងការចេញទៅក្រៅប្រទេស»។
សូមបញ្ជាក់ថា លើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាបានធ្វើនាពេលបច្ចុប្បន្ននេះ បានបង្ហាញទិន្នន័យមួយចំនួនមានដូចជា៖ លេខកាត, ឈ្មោះរបស់អ្នកចាក់ជាភាសាខ្មែរ និងអង់ គ្លេស, លេខអត្តសញ្ញាណបណ្ណ, ប្រភេទវ៉ាក់សាំង, ទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងផងដែរ។
បណ្ណចាក់វ៉ាក់សាំងបាននិងកំពុងក្លាយទៅជាតម្រូវការប្រើប្រាស់ចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ននេះ។ សម្រាប់នៅកម្ពុជា បណ្ណចាក់វ៉ាក់សាំងនេះ នឹងតម្រូវឱ្យបុគ្គលម្នាក់ៗបង្ហាញ មុនពេលពួកគេចូលទីតាំងសាធារណៈនានា មានដូចជាទីតាំងលក់ដូរ និងអាហារដ្ឋានជាដើម។
នៅតាមបណ្តាប្រទេសមួយចំនួនក៏កំពុងតម្រូវឱ្យមានការបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះផងដែរ សម្រាប់ជនបរទេសដែលចង់ធ្វើដំណើរចូលទៅកាន់ប្រទេសរបស់ពួកគេ៕

































