(ភ្នំពេញ)៖ យោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ប្រាប់ នៅថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២១ នេះថា ក្រសួងយុត្តិធម៌ បានចេញគោលការណ៍ណែនាំមួយចំនួន ដោយសំដៅជំរុញឲ្យការដោះ លែងនៅក្រៅឃុំ ព្រមទាំងជំរុញការកាត់ក្តីឲ្យបានឆាប់ដោយ លើកទឹកចិត្តឲ្យតុលាការ ប្រើប្រាស់ វិធានការអនុគ្រោះមួយចំនួន ជាពិសេសការព្យួរទោស ដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំ រឿងនិងដើម្បីរួមចំណែកដោះស្រាយ ភាពចង្អៀតណែនក្នុងពន្ធនាគារ។
ការចេញគោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌ ធ្វើឡើងក្នុងគោលបំណង ដើម្បីដោះស្រាយភាព ចង្អៀតណែននៅតាមពន្ធនាគារ បន្ទាប់ពី៖
ទី១៖ ក្រសួងយុត្តិធម៌បានបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូង
ទី២៖ ការជំរុញយន្តការដោះលែងដោយមានលក្ខខណ្ឌ
ទី៣៖ ការពិនិត្យពិចារណាក្នុងយន្តការថ្នាក់ជាតិ
ទាក់ទងនឹងការបន្ធូរបន្ថយទោស និងលើកលែងក្នុង ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ
និងព្រះរាជពិធីបុណ្យអុំទូក។
កន្លងមក នៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី ខេត្ត ដែលក្រសួងយុត្តិធម៌បានដាក់ចេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ និងក្នុងគោលដៅចូលរួម ចំណែកក្នុងការកាត់ បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្រសួងយុត្តិធម៌បានចេញសេចក្តីណែ នាំលេខ ០១ កយ.សណន/២០ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយបានណែនាំ អំពីគោល ការណ៍ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាល អយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំ ជម្រះ សម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូង រាជធានីខេត្ត។
ក្រសួងយុត្តិធម៌ពិនិត្យឃើញថា នៅក្នុងរយៈពេល១ឆ្នាំ ១ខែ នៃការអនុវត្តយុទ្ធនាការខាងលើ, សាលាដំបូងរាជធានី ខេត្តបានចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ នូវគោលការណ៍ណែនាំដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលទាំង ៣ ខាងលើ នៃដំ ណើរការនីតិវិធីតុលាការ។ ជាលទ្ធផលឃើញថា ទាំងសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ ទាំងសំណុំ រឿងព្រហ្មទណ្ឌដែលចូលថ្មីជាច្រើនត្រូវបានតុលាការចាត់ការបានយ៉ាងឆាប់រហ័សស្របតាមនីតិវិធីច្បាប់ ហើយបានចូលរួមចំណែកក្នុងការ កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយកម្រិត ផងដែរ ដែលមានខ្លឹមសារលម្អិតដូចមានក្នុង សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ របស់ក្រសួងយុត្តិធម៌៕

































